ព័ត៌មានទាន់ហេតុការណ៍៖

ស្អែកនេះបើកឲ្យធ្វើចរាចរជាបណ្តោះអាសន្នស្ពានអាកាសផ្សារដីហុយ

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្ពាន​អាកាស​នៅត្រង់​ភ្លើងស្តុប​ផ្សារ​ដី​ហុយ ​ឬ​ហៅថា ​ស្ពាន​អាកាស​ទី​៥ ​ដែល​ទទួល​ការស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន ​និង​ជា​អំណោយ​របស់​ប្រទេស​ចិន នឹងត្រូវបើកឲ្យដំណើរការ មុនពេលបុណ្យចូលឆ្នាំខ្មែរ មកដល់នេះហើយ ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងក្នុងពិធីបើកឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន គម្រោងរថភ្លើងដឹកអ្នកដំណើរ ភ្នំពេញ-ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ថា ស្ពានអាកាសមួយកន្លែងនេះ គឺបើកឲ្យពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្នសិនមុនចូលឆ្នាំខ្មែរ ដើម្បីជួយបញ្ច្រៀសការកកស្ទះចរាចរណ៍។ សម្រាប់ការសម្ពោធជាផ្លូវការនោះវិញ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្អស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាពេលក្រោយទៀត ។

មុនសម្រេចជោគជ័យបើកឲ្យដំណើរការស្ពានមួយកន្លែងនេះ ត្រូវបានក្រុមការងារសាងសង់សម្រុកយ៉ាងមមាញឹកទាំងយប់ថ្ងៃរហូតសម្រេចជោគជ័យមួយភាគធំ ដែលអាចបើកឲ្យអ្នកធ្វើដំណើរឆ្លងកាត់បាន ចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះតទៅ ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ស្ពានអាកាសស្តុបផ្សារដីហុយនេះ នឹងដាក់ឲ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះតទៅ ហើយក្រោយចូលឆ្នាំថ្មីរួច ពោលគឺនៅថ្ងៃទី១៨មេសា ស្ពាននេះនឹងបិទធ្វើចរាចរមួយចំហៀង និងបើកធ្វើចរាចរមួយហៀង ដើម្បីទុកឱកាសឲ្យក្រុមការងារបង្ហើយការងារដែលនៅសេសសល់ មុននឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ ។

សូមបញ្ជាក់ផងដែរថា ការដ្ឋានរស្ថាបនាស្ពានអាកាសស្តុបផ្សារដីហុយ មានបណ្តោយ៩០៥ម៉ែត្រ ទទឹង១៦.៥ម៉ែត្រ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធ​រុស្ស៊ី និងផ្លូវហាណូយ​(១០១៩) ​ដែលជាគម្រោងហិរញ្ញប្ប​ទាន​របស់សាធារណរដ្ឋប្រជាមានិតចិន និងទទួលបានសិទ្ធិសាងសង់ ដោយ​ក្រុមហ៊ុន សៀងហៃ ហើយត្រួតពិនិត្យបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៥កន្លែងហើយ គឺ​ស្ពានអា​កាស​ក្បាលថ្នល់ នៅអតីតរង្វង់មូលក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅ​ស្តុប​ពេទ្យលោកសង្ឃ ស្ពានអាកាស៥មករា ស្ថិតនៅស្ដុបតិចណូ និងស្ពានអាកាស ស្តុបផ្សារដីហុយនេះឯង៕


ចែករំលែក៖