ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ដើរស្រែកឡូឡារកប្រពន្ធមិនឃើញត្រូវខ្មាន់កាំភ្លើងម្នាក់ដកកាំភ្លើងបាញ់ឡើងលើ២គ្រាប់គំរាមរួចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញៈ យុវជនម្នាក់បានដើរស្រែកឡូឡារកប្រពន្ធដែលធ្វើការនៅហាងមួយកន្លែង ស្រាប់តែមានបុរសម្នាក់ ដើរចេញពីក្នុងហាង THE CONNER 136 ដកកាំភ្លើងបាញ់គំរាមយុវជននោះចំនួន២គ្រាប់ បង្កការភ្ញាក់ផ្អើលនាវេលាទៀបភ្លឺបន្ទាប់ពីកើតហេតុរួចជនសង្ស័យដែលបាញ់បោះសេរីបានឡើងម៉ូតូជិះគេចខ្លួនបាត់ស្រមោល (ប៉ុន្តែករណីនេះ សមត្ថកិច្ចបានបដិសេធ)។

ហេតុការណ៍នេះ បានកើតឡើងកាលពីជិតម៉ោង៥ទៀបភ្លឺថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅខាងមុខហាង The Conner 136( ប្លុក Bar បារាំង​) តាមបណ្ដោយផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដើររកប្រពន្ធ ដែលរងការបាញ់គំរាមនោះ មាន​ឈ្មោះ ឈាវ វណ្ណា អាយុ២៤ឆ្នាំ មុខរបរកឹបសំបុត្រម៉ូតូ ស្នាក់នៅក្បែរកន្លែងកើតហេតុ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានយុវជនម្នាក់ ដើរសួររកប្រពន្ធ ដែលធ្វើការនៅហាងមួយកន្លែងជិតចំណុចកើតហេតុ ដោយបានស្រែកឡូឡា។ លុះមួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់ បានដើរចេញពីក្នុងហាង THE CONNER 136 មកសួរនាំគាត់ ហើយគាត់បានឆ្លើយថា “ខ្ញុំមករកប្រពន្ធ​តើបង តែរកមិនទាន់ឃើញទេ” ហើយគាត់ក៏សួរបុរសរូបនោះ(ជនដៃដល់) “មានឃើញប្រពន្ធខ្ញុំទេ?”។ ស្រាប់តែបុរសរូបនោះ ដកកាំភ្លើងខ្លីដែលសៀតនៅចង្កេះ បាញ់ឡើងលើមួយគ្រាប់ ដើម្បីគំរាមជនរងគ្រោះ តែជនរងគ្រោះស្រែកថា “ថីបានបងឯងបាញ់ខ្ញុំ? ខ្ញុំមករកប្រពន្ធខ្ញុំទេ”។ ភ្លាមនោះ បុរសរូបនោះក៏បានបាញ់មួយគ្រាប់ទៀត ដើម្បីគំរាមជនរងគ្រោះ រួចឡើងជិះម៉ូតូមួយគ្រឿងម៉ាក SL ពាក់ស្លាកលេខ ភ្នំពេញ 1J-2713 ចេញទៅបាត់ បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមតែម្ដង។

បន្ទាប់ពីកើតហេតុករណីផ្ទុះអាវុធរួច គេបានរកឃើញសម្បកគ្រាប់​ចំនួន​២គ្រាប់ នៅកន្លែងពិតប្រាកដមែន ប៉ុន្តែកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី១ មិនព្រមឲ្យក្រុមអ្នកសារព័ត៌មាន សាកសួរនោះទេ ដោយមន្ត្រីនគរបាលមួយរូប បានអះអាងថា អត់មានផ្ទុះអាវុធនោះទេ គ្រាន់តែជាករណីប្ដីឈ្លោះគ្នាជាមួយប្រពន្ធសោះ ចាំបាច់សួរនាំអីច្រើនទេ រួចក៏នាំជនរងគ្រោះចូលក្នុងប៉ុស្តិ៍បាត់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចបានត្រឹមតែប្រមូលគ្នាទៅកន្លែងកើតហេតុ រួចក៏ត្រឡប់មកវិញបាត់អស់ទៅ។ ទើបជនរងគ្រោះ បានត្រឹមតែជិះម៉ូតូឌុបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារកណ្ដាលទី១ ប៉ុណ្ណោះ៕ ជ្រោយពេជ្រ


ចែករំលែក៖