ខេត្តពោធិ៍សាត់៖ ពិតជាកាំបិតចិតដងឯងពិតប្រាកដ! ខណៈបុរសម្នាក់ត្រូវបានគេអះអាង ជាតៃកុងគ្រឿងចក្រ(រីល័រ)បានភ្លាត់ស្នៀតកិនខ្លួនឯងបែកក្បាលចេញខួរស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ នៅគ្រាដែលកំពុងឈប់ចតនៅលើកំណាត់ផ្លូវជាតិលេខ៥៥។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១ និង២នាទី រសៀលថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៧.១៥៨ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អាជ្ញាធរមានសមត្តកិច្ចនៅមូលដ្ឋាននោះបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ អ៊ុង សាវឿន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(មកស្នាក់នៅកន្លែងកើតហេតុ)។
ប្រភពខាងលើបន្តថា មុនដំបូងគេឃើញជនរងគ្រោះ(ស្លាប់)បើកគ្រឿងចក្រ(រីល័រ)មកឈប់នៅទីនោះ ហើយបានទំនាក់ប៉ែលគារដីចុះប៉ុន្តែទំនងមិនបានដាក់ហ៊្វាងនោះទេ រួចគាត់ចុះដើរសំដៅទៅមើលគ្រឿងចក្រ(រ៉ូឡូ) ១គ្រឿងផ្សេង ខណៈនោះគ្រឿងចក្រ(រីល័រ)ដែលគាត់បើកបររំកិលទៅមុខ គាត់ឃើញបែបនេះក៍រត់ទៅក្នុងគោលបំណងឡើងបើកឬដាក់ហ៊្វាង ប៉ុន្តែជាអកុសលគាត់បានភ្លាត់ស្នៀតព័នជើងខ្លួនឯងដួងចំពីមុខគ្រឿងចក្រ ក៍ត្រូវកិនចំក្បាលបែកចេញខួរស្លាប់មួយរំពេជ្រយ៉ាងរន្ធត់បែបនេះតែម្ដង។
ប្រភពដដែលបន្តទៀតថា ករណីខាងលើសមត្តកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ទទួលយកទៅចាត់ចែធ្វើងបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងគ្រឿងចក្រយកទៅរក្សាទុកជាបណ្ណោះអាសន្ន រងចាំបន្តធ្វើការដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕ ប៉ឹម ពិន