ភ្នំពេញ៖ រថយន្តលុចសុីសRX330 មួយគ្រឿង បានបើកបរចុះពីលើស្ពានជ្រោយចង្វាយ៉ាងលឿនបានជ្រុលចង្កូតទៅបុកខឿនរង្វង់មូលជ្រោយចង្វា បណ្ដាលឲ្យរថយន្តបង្ក និងសួនរង្វង់មូលរងការខូចខាត តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង២:៣០នាទីរំលងអធ្រាត ឈានចូល ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលព្រហ្មមុខបួនជ្រោយចង្វា ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងរថយន្តបង្ក ម៉ាកលុចសុីសRX330 ពណ៌ស្ក គ្មានស្លាកលេខ បានធ្វើដំណើចេញពីរង្វង់មូលកួចកាណុង បើកឡើងស្ពានជ្រោយចង្វាមករង្វង់មូលព្រហ្មមុខបួន ដោយរថយន្តបើកក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលចង្កូតទៅបុកខឿនរង្វង់មូលព្រហ្នមុខបួន បណ្ដាលឲ្យរថយន្តបង្កដាច់ការឡែកង់មុខផ្នែកខាងឆ្វេង ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលឡើងលើរង្វង់មូលទៅបុកដើមផ្កានៅលើសួនច្បារតែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡើយ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ ស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចផ្លូវគោករាជធានីភ្នំពេញ រងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ