ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសទោស មន្ត្រីអង្គរក្សម្នាក់ និងមន្ត្រីឃុំម្នាក់ រឿងឆបោកលុយជិត១លានដុល្លារ និងក្លែងឯកសារ ក្រោយចូលឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានបើកសវនាការ ជំនុំជម្រះទោស ចំនួន ០២ សំណុំរឿង ចប់សព្វគ្រប់ នៅថ្ងៃទី១២ ខែមេសាឆ្នាំ២០១៨នេះ លោក កូយ សៅ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បាន សម្រេចលើកពេល ទៅប្រកាសសាលក្រមសំណុំរឿង មន្ត្រីកងអង្គរក្សម្នាក់ និងអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ម្នាក់ ដែលជាប់ពាក់ព័ន្ធ បទល្មើស ឆបោកលុយ ជិត១លាន ដុល្លារ និងក្លែងឯកសារដីធ្លី ទៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ខាងមុខ។

លោក ចែ សុង ជាតំណាងអយ្យការ នៃសវនាការ បានចោទប្រកាន់លើជនជាប់ចោទទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ជាមន្ត្រីកងអង្គរក្ស និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ពីបទ ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងឆបោក ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការនាព្រឹកមិញនេះ ជនជាប់ចោទទាំង ០២នាក់ បានបដិសេធ ថាពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ។

ពួកគេបានឆ្លើយដាក់ឈ្មោះ នាក់ វិចិត្រ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បាត់ទៅហើយ។

យោងតាមអំណានបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ណុប ម៉ូវ ភេទស្រី មានប្តីឈ្មោះឃឹម សុខ នៅអំឡុង២០១៣ បានស្គាល់ក្រុមជនជាប់ចោទទាំង២នាក់ខាងលើ ដែលជាអ្នករកស៊ីនៅ ខេត្តកំពត ដោយមានការទុកចិត្ត ដោយការជឿទុកចិត្តទើបប្រគល់លុយកក់ចំនួន ៥ម៉ឺនដុល្លារឲ្យទៅជួយរកទិញដីចំនួន ៦០០០ហិកតា ពីប្រជាពលរដ្ឋនៅខេត្តកំពតឲ្យក្រុមហ៊ុនកូរ៉េមួយ។

ក្រោយមកទៀត ដើមបណ្តឹង បានប្រគល់ ប្រាក់ចំនួន ៧៥ម៉ឺនដុល្លារទៀត ទៅឲ្យក្រុមជនជាប់ចោទ ជួយទិញដីចំនួន ២០០៥ ហិកតាបន្ថែម។

ប៉ុន្តែក្រោយពីបានទទួលលុយរួច ក្រុមជនជាប់ចោទ បានត្រឹមតែ ប្រគល់ប្លង់ដីក្លែងក្លាយ និងគ្មានដីពិតប្រាកក់ឲ្យដើមបណ្តឹងនោះទេ រួចក៏រត់គេខ្លួនបាត់ស្រមោល ទើបដើមបណ្តឹងបានសម្រេចដាក់ពាក្យប្តឹង នៅខេត្តកំពត និងខេត្តកណ្តាល តែតុលាការ មិនបានរកយុត្តិធម៌ឲ្យបាន ក៏បន្តប្តឹងឲ្យតុលាការក្រុងភ្នំពេញជួយរកយុត្តិធម៌ រហូតចាប់ខ្លួន ក្រុមជនជាប់ចោទបាន យកមកផ្តន្ទាទោសតាមច្បាប់តែម្តង។

ដើមបណ្តឹងបានសម្តែងក្តីសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ឲ្យពួកគាត់ជាជនងគ្រោះ និងផ្តន្ទាទោសជនជាប់ចោទ ឲ្យសមតាមអំពើដែលពួកគេបានប្រព្រឹត្ត។

ដើមបណ្តឹងបានទាមប្រាក់ដើមដែលបាត់បង់ ទាំង២លើក សរុប ៨០ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត សរុបចំនួន ៣លាន ៥ពាន់ដុល្លារ ពីក្រុមជនជាប់ចោទ។

ពាក់ព័ន្ធ នឹងសំណុំរឿងនេះ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ សាច់ញាតិរបស់ជនជាប់ចោទទាំង២នាក់ខាងលើ បានប្តឹងមេធាវីការពារសិទ្ធិរបស់ពួកគេទី១ឈ្មោះ នូ ចន្ថា និងទី២ឈ្មោះ ថា សុភ័ក្ត្រ ជាក្រុមមេធាវីនៃការិយាល័យ មេធាវី អិន ស៊ី ធី មានទីតាំងផ្ទះលេខ៣០ អឺ១ ផ្លូវ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទប្រកាន់ថា មេធាវីទាំង ២នាក់ បានស៊ីដាច់លុយ ២៥,០០០ដុល្លារ ជាលុយរត់ការដោះជនជាប់ចោទ មិនបានសម្រេច ដូចការសន្យា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ចារុណ មេបញ្ជាការរង កងអង្គរក្ស សម្តេច តេជោ ហ៊ុន សែន ធ្លាប់បានអះអាងប្រាប់អ្នកសារព័ត៌មាន ដោយច្រានចោលថា ជនជាប់ចោទឈ្មោះ ស៊ុន សៀង គ្មានឈ្មោះ ជាមន្ត្រីនៅបញ្ជាការដ្ឋានកងអង្គរក្ស របស់សម្តេច តេជោ ហ៊ុន សែន នោះទេ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ចារុណ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ជួយរាយការណ៍ជូនអាជ្ញាធរមានសត្ថកិច្ច ប្រសិនបើមានជនណា ហ៊ានយកតួនាទីជាកងអង្គរក្ស ទៅប្រើប្រាស់ ដោយខុសច្បាប់ និងខុសពីការតព្វកិច្ចរបស់ខ្លួន ពោលគឺដើរបោកប្រាស់ ប្រជាពលរដ្ឋស្លូតត្រង់ ដើម្បីប្រយោជន៍ទុច្ចរិតផ្សេងៗ ព្រោះទង្វើបែបនេះជាការធ្វើឱ្យបះពាល់ដល់ ស្ថាប័នកងអង្គរក្ស យ៉ាងធ្ងន់ធ្ងរ និងមិនអាចលើកឱ្យបាននោះទេ។

កាលពីពេលថ្មីៗ កន្លងទៅ សមត្តេច តេជោ នាយករដ្ឋមន្ត្រី ក៏ធ្លាប់បានអំពាវនាវឱ្យតុលាការ ចាត់ការតាមច្បាប់ឱ្យតឹងរឹងបំផុត ចំពោះជនណា ទោះជាពាក់ផ្កាយប៉ុន្មានក៏ដោយ ដែលហ៊ានយក តួនាទីជាកងអង្គរក្សទៅប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ។

ដោយឡែកយោងតាម ប្រកាស លេខ ៥១៩ ប្រ.ក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានហត្ថលេខា ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាក្រសួងមហាផ្ទៃ បានសម្រេច ដកបេក្ខភាពជនជាប់ចោទឈ្មោះ ហេង សាន ពីសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដោយដាក់បេក្ខភាពថ្មីជំនួសវិញ។

សូមជម្រាបជូនថា ជនជាប់ចោទទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានចៅក្រមស៊ើប នៃសាលាដំបូងរាជធានីភ្នំពេញ ២រូប បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជាបណ្តោះអាសន្ននៅពន្ធនាគារ តាមរយៈដីកាបង្គាប់ឱ្យឃុំខ្លួន ចំនួន ២ ក្នុងសំណុំរឿងពីរផ្សេងៗគ្នា រួមមាន៖

-ទី១ ដីកា បង្គាប់ឱ្យឃុំខ្លួន របស់ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយចោទប្រកាន់ជនត្រូវចោទ ទាំង២នាក់ ពីបទ ឆបោក ប្រាក់កក់ថ្លៃដី ចំនួន ៥ម៉ឺនដុល្លារ ពីជនរងគ្រោះ ប្រព្រឹត្តនៅអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ យោងតាមបទចោទ ឆបោកនេះ ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ។

-ទី២ដីកា បង្គាប់ឱ្យឃុំខ្លួន របស់លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចុះទី១៧ ខែមករា ឆ្នាំ២០១៨ ដោយចោទប្រកាន់ ជនត្រូវចោទទាំង ២នាក់ ខាងលើពីបទ ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងឆបោក ដោយក្លែងបន្លំស្នាមេដៃប្រជាពលរដ្ឋ ជាង១០០នាក់ថាជាម្ចាស់ដីនៅខេត្តកំពត ចំនួន ៦០០០ ហិកតា និងប្រើតួនាទីជាកងអង្គរក្ស សម្តេច តេជោ ដើម្បីទៅលក់ដីខ្យល់នោះទៅឱ្យជនរងគ្រោះ បោកប្រាស់យកលុយ ប្រព្រឹត្តអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ យោងតាមបទចោទ ឆបោក ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ។ ចំណែកបទចោទ ក្លែងបន្លំ ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងបទ ប្រើប្រាស់លិខិតក្លែង ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ ផងដែរ។

គួររំលឹកថា សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាប់ចោទទាំង ២នាក់ខាងលើនេះកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយធ្វើឡើងតាមដីកា បង្គាប់ឱ្យនាំខ្លូន លេខ ១០០៦ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និង ដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១០០៧ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក ប្រាក់កក់របស់ដើមបណ្តឹងចំនួន ៥០,០០០ដុល្លារ យកទៅទិញដីចំនួន ៦០០០ហិកតា នៅក្នុងខេត្តកំពត តែគ្មានដីឱ្យដើមបណ្តឹង៕ អរុណរះ​

 

 


ចែករំលែក៖