ខេត្តកណ្ដាល៖ មនុស្ស២នាក់ស្លាប់និងមនុស្ស៤នាក់ទៀតទទួលរងរបួសធ្ងន់-ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍តាមបណ្ដាស្រុក/ក្រុងទូរទាំងខេត្ដកណ្ដាល ក្នុងរយៈពេល៥ថ្ងៃ ដោយគិតត្រឹមពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ។
មន្រ្ដីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ស្រុកដែលមានគ្រោះថ្នាក់ចរាចរណ៍មានចំនួន៤ស្រុកគឺ ស្រុកខ្សាច់កណ្ដាល ១ករណី បណ្ដាលឲ្យស្លាប់ម្នាក់ (ម៉ូតូនិងម៉ូតូ) ,ស្រុកល្វាឯម៣ករណី បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ រងបួសធ្ងន់២នាក់ និងស្រាលម្នាក់ (ម៉ូតូនិងអ្នកថ្មើរជើង២ករណី ,ម៉ូតូនិងម៉ូតូ១ករណី) ,ស្រុកកោះធំ១ករណី បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ភេទស្រី (ម៉ូតូនិងរថយន្ដ) ។
ប្រភពដដែលបន្ដទៀតថា មូលហេតុដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្ដាលមកពីបើកបរមិនប្រកាន់ស្ដាំ២ករណី ,លើសល្បឿនកំណត់២ករណី និងដើរឆ្លងផ្លូវមិនប្រយ័ត្នចំនួន១ករណី និងខូចខាតម៉ូតូសរុបចំនួន៥គ្រឿង ។ បច្ចុប្បន្នម៉ូតូដែលរងការខូចខាតត្រូវបានសមត្ថកិច្ចកសាងឯកសាដកហូតយកមករក្សាទុកនៅតាមបណ្ដាអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ