ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនកូនប្រុសអកតញ្ញូក្រោយដេញកាប់ឪពុកម្តាយខឹងរឿងសុំលុយដើរលេងមិនបាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ កូនប្រុសអកតញ្ញូម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីកូនប្រុសរូបនេះបានប្រើអំពើហិង្សាទៅលើឪពុកម្តាយ ព្រោះតែខឹងរឿងសុំលុយយកទៅដើរលេងនៅថ្ងៃចូលឆ្នាំចុងក្រោយមិនបាន ។

បុរសដែលសមត្ថកិច្ចឃាត់ខ្លួននេះ គឺជាមុខសញ្ញាដែលធ្លាប់បង្កអំពើហិង្សាក្ន្ងងគ្រូសារជាច្រើនដងមកហើយ រហូតឈានដល់កសាងសំណុំរឿង ឬបញ្ជូនទៅដាក់ពន្ឋនាគារទៀតផង តែពេលចេញមកវិញនៅតែមិនរាងចាល ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ។ ជន​បង្កឈ្មោះឈ្មោះនី សោភាន់ ភេទប្រុស អាយុ​៣៣ឆ្នាំ​ នៅភូមិបឹងងោង ឃុំទឹកល្អក់​ ស្រុក​គង​ពិសី​ ខេត្ដកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំទឹកល្អក់បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ថា”តាមការសាកសួរ គឺមុនពេលកើតហេតុ ឪពុកម្តាយបងប្អូនរបស់ជនសង្ស័យរូបនេះ កំពុងនៅផ្ទះជុំគ្នាជាធម្មតា ស្រាប់តែមិនដឹងថា ជនបង្កមកពីណានោះទេ បានមកសុំលុយពីឪពុកម្តាយថា យកទៅដើរលេងជាមួយពួកម៉ាករបស់គេ” ។

ប្រភពបន្តថា “ពេលនោះឪពុកម្តាយប្រាប់ថា មិនមានលុយឲ្យនោះទេ ហើយបានប្រាប់ទៀតថា កុំឲ្យដើរលេងទៅឆ្ងាយខ្លាចមានបញ្ហា​គ្រោះថ្នាក់ផ្សេងៗ ប៉ះពាល់ដល់អាយុជីវិត ។ គ្រាន់តែឪពុកម្តាយនិយាយចប់ កូន​អកតញ្ញូ​នេះទំនងទ្រាំមិនបាន ក៏បញ្ចេញកំហឹងឈានទៅដល់​យកកាំបិតបុ័ងតោដេញកាប់ឪពុកម្តាយបងប្អូន​ បង្កើតមិនឲ្យចូលផ្ទះតែម្តង” ។ បន្ទាប់ពីជនបង្កដេញកាប់ឪពុកម្តាយរួចមក បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិ ក៏មានសេចក្តីរាយការណ៍មកសមត្ថកិច្ចឲ្យចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនបង្កកុំឲ្យបន្តសកម្មភាពហិង្សាទៀត។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កបានឆ្លើយសារភាពថា ” មូលហេតុដែលរូបគេ ឈានដល់ប្រើអំពើហិង្សាដាក់ឪពុកម្តាយបងប្អូន ដោយសារតែរូបគេស្រវឹងស្រាហើយខឹងរឿងខឹងទារ​លុយ​ ពីឪពុកម្តាយយកទៅដើរលេងមិនបាន មិនត្រឹមតែប៉ុណ្ពោះ ម៉ែ​ឪ​ គាត់ គ្មានលុយឲ្យ ហើយប្រាប់ថា មិនឲ្យដើរលេងទៅឆ្ងាយទៀត ទើបរូបគេ​ទ្រាំមិនបាន ក៏បញ្ចេញកំហឹងឈានទៅដល់​ដេញកាប់ឪពុកម្តាយ​ និងបងប្អូនបែបនេះ ។

ក្រុមគ្រួសារជនបង្កបានអះអាងប្រាប់សមត្ថកិចផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលជនសង្ស័យរូបនេះ ធ្វើសកម្មភាពហិង្សាក្នុងក្រុមគ្រូសាររបៀបនេះ ហើយលើកនេះ ដោយទ្រាំមិនបាន ក៏រាយការណ៍ឲ្យសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់តែម្តង ។

តាមការអះអាងរបស់សមត្ថកិច្ចមូល​ដ្ឋាន​បញ្ជាក់ថា ជនសង្ស័យជាមុខសញ្ញាអប់រំ​ មិនរាងចាល ធ្លាប់ជាប់ពន្ធនាគារ ម្តងហើយ​ ករណី​ខាង​លើ​ ឪពុក​ម្ដាយ​ សំណូមពរ​ឲ្យសមត្ថកិច្ចអនុវត្ដតាមនីតិវិធី ។

នៅព្រឹកថ្ងៃទី១៧ ខែមេសានេះដែរ ក្រោយកសាងសំណុំរឿងរួចរាល់សមត្ថកិច្ចបានបញ្ជូនជនសង្ស័យរូបនេះ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចាត់ការបន្តតាមផ្លូវច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖