ខេត្តកណ្ដាល៖ ស្ត្រីឈ្មោះ កែវ រតនៈ ហៅ ហ្គិច ដែលធ្លាប់មានរឿងអាស្រូវជាច្រើន និងធ្លាប់ជាប់ពន្ធនាគារផងនោះ ឥឡូវនេះ ត្រូវបានតុលាការខេត្តកណ្ដាល នៅព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ សម្រេចចោទប្រកាន់ចំនួនបីបទល្មើស រួចបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។
មន្ត្រីតុលាការ ថ្លែងថា នាង កែវ រតនៈ ហៅ ហ្គិច ត្រូវបានលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ”ប្រើប្រាស់ឯកសារសាធារណៈក្លែង បទគំរាមកំហែងថានឹងសម្លាប់ និងបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់វិធីគ្រោះថ្នាក់ដល់បុគ្គល”ប្រព្រឹត្តនៅចំណុចរោងចក្រផលិតគ្រឿងសង្ហារឹមនិងក្តាកុងផ្លាកេ ប្រាយវ៉េ ហ្វើនីឈ័រ ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០១៨ តាមមាត្រា៧៨ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងតាមមាត្រា៦៣០ មាត្រា២៣៣ មាត្រា៤១៣នៃក្រមព្រហ្មទណ្ឌ ។
មន្ត្រីតុលាការដដែលបន្តថា បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនត្រូវចោទ តែតាមបទល្មើសទំនងជាចៅក្រមស៊ើបសួរនិងសម្រេចឃុំខ្លួនជនត្រូវចោទ ។
គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺសមត្ថកិច្ចទទួលព័ត៌មានថា មានករណីអគ្គិភ័យឆាបឆេះបានកើតឡើង ទើបសមត្ថកិច្ច និងប្រជាពលរដ្ឋបានជួយពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់ទ័ពឆត្រយោង៩១១ អស់ពីរគ្រឿង ប្រើប្រាស់ឡានទឹក អស់៦គ្រឿង ទើបរលត់ជាស្ថាពរ។
តាមសាក្សីបំភ្លឺឈ្មោះឃឿន ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករ គឺបានឃើញរថយន្តមួយគ្រឿងមានគ្នា៤ទៅ៥នាក់ចូលទៅដុតឈើ ហើយបានគំរាមមិនឱ្យចូលពន្លត់ភ្លើងកំពុងឆេះនោះទេ ដោយប្រពន្ធម្ចាស់រោងចក្រ ឈ្មោះ កែវ រតនៈ ហៅហ្គិច បើកបររថយន្តម៉ាកឡិចស៊ីស៥៧០ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ខម-៦៧៦២ ជាអ្នកដុត ។
បន្ទាប់ពីបង្កហេតុរួច នាងហ្គិច បើកឡានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់បានមកវិញ ។
នេះពុំមែនជាលើកទី១ទេ ដែលស្ត្រីឈ្មោះ កែវ រតន: ហៅ ហ្គិច បានបង្កការអុកឡុកធ្វើឱ្យភ្ញាក់ផ្អើលដល់សង្គមនោះ។ កាលពីដប់ឆ្នាំមុន ស្ត្រីរូបនេះធ្លាប់បានដកកាំភ្លើងបាញ់គំរាមពលរដ្ឋ នៅជិតវត្តសន្សំកុសល ហើយត្រូវបានតុលាការផ្តន្ទាទោសពីបទបាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់ ។ ក្រោយមកចុងឆ្នាំ២០១៦ កន្លងទៅ ស្ត្រីរូបនេះបានបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់យុវជនពីររូប ត្រូវបានតុលាការសម្រេចឃុំ ខ្លួនដាក់ពន្ធនាគារផងដែរ ៕ ឆ ដា