ខេត្តកណ្តាល៖ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ បានបញ្ជូន បុរសម្នាក់បើកម៉ូតូបុកក្មេងស្លាប់អូសជិត៣០ម៉ែត្រនៅស្រុកល្វាឯមមកសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរនីតិវិធីតាមផ្លូវច្បាប់។
បច្ចុប្បន្នជនបង្ករកំពុងស្ថិតក្រោមការសាកសួររបស់លោក សូ សុវិទ្យា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល ។
ជនបង្ករមានឈ្មោះ ធី វ៉ាន់ឆាត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល។
នគរបាលស្រុកល្វាឯមបានឲ្យដឹងថា នៅថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៨និង០០នាទី នៅលើកំណាត់ផ្លូវលំ ចំណុចមុខផ្ទះឈ្មោះហ៊ី ឡា ស្ថិតនៅក្នុងភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល មានម៉ូតូមួយគ្រឿងម៉ាកHonda dream C១២៥ ផលិតឆ្នាំ២០០៨ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AH-3841 បើកបរដោយឈ្មោះធី វ៉ាន់ឆាត ភេទប្រុស បើកបរមានទិសដៅពីជើងទៅត្បូង ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកក្មេងអូសប្រហែល៣០ម៉ែត្រ(ស្លាប់នៅនិងកន្លែងកើតហេតុ)។ដែលក្មេងនោះឈ្មោះថា ថេនា ភេទប្រុស អាយុ១ឆ្នាំ១០ខែ មានទីលំនៅបច្ចុប្បន្នភូមិភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល៕ ឆ ដា