ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៣ថ្ងៃអគ្គិភ័យកើតឡើង៩លើកឆេះសាលាឆាន់១ខ្នង រថយន្ត២គ្រឿង និងរ៉ឺម៉កម៉ូតូលក់លតឆា១គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ អំឡុងពេលចូលឆ្នាំ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ គ្រោះ អគ្គិភ័យបានកើតឡើង៩លើកបណ្តាល ឲ្យឆេះផ្ទះជាច្រើនខ្នង សាលាឆាន់ ១ខ្នង រថយន្ត២គ្រឿង និងរ៉ឺម៉កម៉ូតូលក់លតឆា ១គ្រឿង។ គ្រោះអគ្គិភ័យទាំងនោះ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន តែ មិនបង្កគ្រោះថ្នាក់ របួសឬស្លាប់ឡើយ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ។

១-ខេត្តព្រៃវែង៖ ថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ គ្រោះអគ្គិភ័យ បានកើតឡើង កាលពីម៉ោង ១៣ និង៣០នាទី នៅភូមិពោធិ៍រៃយំ ឃុំ បន្ទាយចក្រី ឆេះផ្ទះឈ្មោះ សន សូត ភេទ ស្រី អាយុ ៧៥ឆ្នាំ ដែលមានទំហំ៥ ម៉ែត្រ គុណ៦ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ឆេះ ខូចខាតទាំងស្រុង និងសម្ភារ ១ចំនួន សរុបថវិកា៦.៥០០.០០០រៀល។ មូល ហេតុ ដោយសារតែអុជទៀនធូបសែន ទេវតាហើយទុកចោលទៅវត្ត ។

២-រាជធានីភំពេញ ៖ នៅវេលាម៉ោង ១២និង៥០នាទី ថ្ងៃអាទិត្យ ១កើត ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ មានអគ្គិភ័យមួយកើតឡើង នៅតាម បណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃ រមាសទី១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។ អគ្គិភ័យនេះ ឆេះផ្ទះឈ្មោះ វ៉ាន់ សុភា ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជាកម្មកររោងចក្រ។ មូលហេតុ ដោយសារតែឆ្លងចរន្តអគ្គិសនី។ ខូចខាត សម្ភារ រួមមាន ឆេះផ្ទះឈើទំហំ៦ម៉ែត្រ គុណ៨ម៉ែត្រ។ រថយន្តការិយាល័យពន្លត់ អគ្គិភ័យចេញធ្វើអន្តរាគមន៍ចំនួន២គឿង ប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ស្មើនឹង ៨ម៉ែត្រគូប។ ពន្លត់ចប់នៅវេលាម៉ោង ១និង៤០នាទី នាថ្ងៃខែឆ្នាំដដែល។

៣-ខេត្តកណ្តាល ៖ មានករណីភ្លើង ឆេះផ្ទះនៅថ្ងៃសៅរ៍ ១៤ រោច ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ នឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ វេលា ម៉ោង ១៨និង៣០ នាទី នៅចំណុច ភូមិ​តាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម។ សម្ភារខូចខាច ឆេះផ្ទះ ២ខ្នង ២គ្រួសារ រួមមាន៖ ១-ឈ្មោះ ស្រ៊ុន ស៊ីថា ភេទស្រី អាយុ ៥២ឆ្នាំ មុខរបរ កសិករ និង២-ឈ្មោះ សូ សំណាង ភេទ ស្រីអាយុ៣៧ឆ្នាំ មុខរបរកសិករ ។ ផ្ទះ ទំហំ៥គុណ៤ម៉ែត្រ ធ្វើអំពីប្ញស្សី ប្រក់ ស័ង្កសី ក្រាលក្តារ (អំណោយ របស់អង្គ ការ)។ ដោយមានការជួយធ្វើអន្តរាគមន៍ពីប្រជាការពារ នគរបាលប៉ុស្តិ៍ និង ប្រជាពល រដ្ឋ ទើបរលត់ទៅវិញនៅម៉ោង ១៩និង​០០ នាទី មិនមានគ្រោះថ្នាក់ដល់ជីវិតសត្វ និងមនុស្សឡើយ។ មូលហេតុ ដោយ សារតែកូនម្ចាស់ផ្ទះ ឈ្មោះ ស្រុន ស៊ីថា ជាអ្នកដុត។

៤-ខេត្តកណ្តាល៖ ករណីអគ្គិភ័យ (ឆ្លង ចរន្តអគ្គិសនី បណ្តាលឲ្យឆេះផ្ទះ២ខ្នង) កើតហេតុនៅថ្ងៃអាទិត្យ១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី១៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង៤០នាទី នៅចំណុច ភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្ត កណ្តាល ។ ផ្ទះ ជនរងគ្រោះមានចំនួន ២គ្រួសារ រួមមាន៖ ១-ឈ្មោះ អិុន វ៉ន ភេទស្រី អាយុ៦០ឆ្នាំ មុខរបរកសិករ សម្ភារខូចខាត គឺផ្ទះខ្ពស់ ១ខ្នង ទំហំ​៥ម៉ែត្រគុណ៧ម៉ែត្រ ធ្វើអំពី ឈើសសរ ឈើ ដំបូលប្រក់សង្ក័សី ជញ្ជាំង ក្តារ រនាប ប្ញស្សីរួមទាំងចានឆ្នាំង មុងភួយ ខោ អាវ តុ ទូ និងខូចខាតផ្ទះទាំងស្រុង ។ ២- ឈ្មោះ ឌី រ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ មុខ របរកសិករ ផ្ទះខ្ពស់ ២ខ្នង ទំហំ៦ម៉ែត្រ គុណ៨ម៉ែត្រ ធ្វើអំពីឈើ សរសបេតុង ដំបូលសង្ក័សី ជញ្ជាំងឈើ រនាបឈើ មានតសំយ៉ាបសង្ក័សីខាងមុខផ្ទះ។ សម្ភារ ខូចខាតរួមមាន មុងភួយ ចានឆ្នាំង ខោអាវ តុ ទូ គ្រែ ម៉ាស៊ីនភ្លើង១គ្រឿង ម៉ាស៊ីនបូម ទឹក២គ្រឿង រួមទាំងរបស់របរប្រើប្រាស់ និងផ្ទះទាំងស្រុង។ករណីនេះបណ្តាលពីការឆ្លង ចរន្តអគ្គិសនី ចេញពីផ្ទះ ឈ្មោះ អីុន វ៉ន ។ ដោយមានការអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋ ទើបភ្លើង រលត់នៅវេលា​ម៉ោង១៥និង២០នាទីមិន​បណ្តាល​ឲ្យមាន​មនុស្ស រងគ្រោះទេ។

៥-ខេត្តកំពង់ឆ្នាំង​៖ នៅថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទី មានករណីភ្លើងឆេះ រថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម នៅចំណុចអូរតាគូន ក្នុងភូមិសាស្ភ្រភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស បើកចេញពី ទិសខាង​កើតឆ្ពោះទៅទិសខាងលិច ពេល បើកមក​ដ​ល់ចំណុចខាងលើ ក៏ក្រឡាប់ ដោយខ្លួន ឯង បណ្តាលឲ្យឆេះរថយន្ត ទាំងស្រុង។ អ្នកបើកបររថយន្តឈ្មោះ ផៃ បញ្ញា ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ ព្រែកតាកូវ ឃុំខ្សាច់កណ្តាល ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល។ ពេលនោះកម្លាំងនគរបាលផ្នែកអគ្គិភ័យបានពន្លត់ អស់ទឹក ចំនួន១ រថយន្ត ទើបរលត់ជាស្ថាពរ និងមិនមាន គ្រោះថ្នាក់ដល់មនុស្សឡើយ។

៦-ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃ អាទិត្យ ១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៩និង២៥នាទី យប់ មានករណីអគ្គិភ័យកើតឡើងចំនួន ១លើក នៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឲ្យឆេះផ្ទះ១ ខ្នង ទំហំ៧ម៉ែត្រគុណ៧ម៉ែត្រ ធ្វើអំពីឈើលើ ថ្មក្រោម ។ ម្ចាស់ផ្ទះឈ្មោះ ឡាយ ហ៊ន ភេទ ប្រុស អាយុ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្រូបង្រៀន និងជាចុងភៅការ ប្រពន្ធឈ្មោះ នូ សុធារ៉េត អាយុ៥០ឆ្នាំ ។ មុនពេលកើតហេតុ ប្រពន្ធនៅផ្ទះម្នាក់ឯង បានឮសូរសំឡេងផ្ទុះនៅលើផ្ទះ រួចទើប មានអណ្តាតភ្លើង ឆាបឆេះតែម្តង។

រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ រួមជាមួយរថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង បានចេញធ្វើអន្តាគមន៍ ដោយ ប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត។ ភ្លើងរលត់ទាំងស្រុង នៅវេលាម៉ោង១០និង​៤០នាទី ។

ការខូចខាត ផ្ទះ១ខ្នង ឆេះទាំងស្រុង រោងការ និងសម្ភារប្រើប្រាស់ជាច្រើន នៅ ក្នុងផ្ទះ។ ម្ចាស់ផ្ទះរងគ្រោះប៉ាន់ប្រមាណការខូចខាត សរុបជាទឹកអស់ប្រហែលជាង ៣ម៉ឺនដុល្លារ ។ មូលហេតុ មិនទាន់ដឹង ច្បាស់ ។

៧-ខេត្តកណ្ដាល៖ នៅថ្ងៃចន្ទ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថៃ្ងទី១៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១០ មានករណីអគ្គិ ភ័យឆេះ រោងចក្រ ប្រាយវ៉េរ ផលិតឈើ កៅស៊ូ ស្ថិត នៅភូមិទឹកជា ឃុំពើក ស្រុក អង្គស្នួល ខេត្តកណ្ដាល។ កម្លាំងអន្តរាគមន៍ជួយពន្លត់ភ្លើងឆេះ នៅចំណុចខាងលើដោយប្រើរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្ត២គ្រឿង រថយន្តជំនួយរបស់ទ័ពឆត្រយោង ៩១១ ចំនួន២គ្រឿង និងរថយន្ត ពន្លត់អគ្គិ​ភ័យរបស់កងពល ង៧០ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦រថ យន្តទើប​រលត់​ជាស្ថាពរ។ ចំពោះការខូចខាតឈើ​កៅស៊ូចំនួន២០ម៉ែត្រគូប។ មូលហេតុ បើតាម​សាក្សីបំភ្លឺឈ្មោះ ឃឿន ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករបាន ឃើញរថយន្តមួយគ្រឿង មានគ្នា៤ទៅ៥ នាក់បានចូល​ទៅដុតឈើក្នុងរោង ចក្រនោះ។

៨-ខេត្តក្រចេះ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ២០និង២០នាទី មានកណីភ្លើងឆេះ រថយន្តសាំយ៉ុង ដឹកក្តារ ដែលរដ្ឋបាលព្រៃឈើចាប់ ហើយយកទៅ រក្សា​ទុក នៅក្នុងទីធ្លាថ្នាលបណ្ដុះកូនឈើ រដ្ឋបាលព្រៃឈើខ្សារ ស្ថិតនៅភូមិខ្សារ ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលដារ រួមសហការជាមួយកម្លាំងអធិ ការដ្ឋាននគរបាលស្រុកចិត្របុរីបានចេញ រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងជួយធ្វើ អន្តរាគមន៍បាញ់ពន្លត់បាន​ទាន់ពេលវេលា។ ប្រើប្រាស់ទឹកអស់១រថយន្ត។ មូលហេតុ ទុស្សេអាគុយ។ សម្ភារខូចខាតគឺរថយន្ត សាំយ៉ុង១គ្រឿងឆេះអស់ប្រហែល៥០ ភាគរយ ។

៨-ករណីផ្ទុះកំប៉ុងហ្គាស រទេះរុញលក់លតឆានៅមុខឆាកប្រគំតន្ត្រី ទីលានជល់ ដំរី ក្នុងខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៧យប់ ។ ហេតុការណ៍នេះ ត្រូវបានក្រុមការងារ យកបំពង់ពន្លត់អគ្គិភ័យជួយ ពន្លត់ទាន់ មិនបង្កឲ្យមានគ្រោះថ្នាក់នោះទេ។

៩-ខេត្តកណ្ដាល៖ ករណីអគ្គិភ័យឆេះ សាលាឆាន់ ក្នុងបន្ទប់ដាក់សម្ភារគ្រឿង បន្លុងសម្រាប់ប្រើប្រាស់ក្នុងវត្ត។ ហេតុ ការណ៍ឆេះសាលាឆាន់នេះ បានកើតឡើង កាលពីថ្ងៃចន្ទ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ២១និង ៥០នាទី នៅក្នុងវត្តចាស់ ស្ថិតនៅភូមិ វត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

សម្ភារខូចខាត រួមមាន ៖ បន្លុង ប្រហែល២០០ មានចានឆ្នាំង ស្លាបព្រា បំពង់ទឹកក្តៅចានស្រាក់ ។ល។ សរុបទឹក ប្រាក់ប្រហែល៥០០០ដុល្លារ ,បន្ទប់ទំហំ ១០ម៉ែត្រគុណ៦ម៉ែត្រ សាងសង់អំពីឥដ្ឋ, អង្ករប្រហែល១តោន រួមនឹងសម្ភារមួយ ចំនួនទៀត។

ហេតុការណ៍ឆេះសាលាឆាន់នេះ ត្រូវ បានការជួយអន្តរាគមន៍ដោយរថយន្ត ប្រចាំស្រុក មុខកំពូល១គ្រឿង រថយន្តពន្លត់អគ្គិភ័យស្រុកបាធាយចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់៥រថយន្ត ស្មើ៣០ម៉ែត្រ​គូប ។ អគ្គិភ័យនេះបានរលត់ទៅវិញនៅ​​វេលាម៉ោង២៣ និង៣០នាទី ៕ សហការី


ចែករំលែក៖