ខេត្តពោធិ៍សាត់៖ ផ្ទះ ១ខ្នងទំហំ៩ម៉ែត្រ គុណនឹង១២ម៉ែត្រ ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណចំនួន ៣ដុល្លារ ដែលគេសង្ស័យបណ្ដាលមកពីទុស្សេខ្សែភ្លើងធ្វើឲ្យចរន្តអគ្គិសនី។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩ និង១៥នាទី យប់ថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ផ្ទះ ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនោះទំហ៊ំ០៩ម៉ែត្រ គុណនឹង១២ម៉ែត្រ ដំបូលប្រក់សុីប្រូសុីម៉ង់ត៍ ជញ្ជាំងបាំងក្តារ ខាងក្រោមថ្ម ។
លោក អធិការនគរបាលបន្តថា ការខូចខាតទ្រព្យសម្បាតិសម្ភាររួមមាន ទូរសម្រាប់ដាក់ខោអាវចំនួន ០៣ គ្រែដេកចំនួន ០៧គ្រឿង គ្រឿងសង្ហារឹមចំនួន ០២ឈុត ទូរសម្រាប់ដាក់ថ្នាំពេទ្យចំនួន ០១គ្រឿង ថូផ្កាចំនួន ០២គូ តុសរសេរចំនួន ០៣ សម្ភាររោងការខូចខាតចំនួន ៦០% ផ្តិលមាស និងផ្តិលបុណ្យចំនួន ០២ សំលៀកបំពាក់ឆេះអស់ទាំងស្រុង ស្រូវចំនួន ១តោន អង្ករចំនួន០២ការ៉ុង ឯកសារផ្សេងៗរួមមាន សំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លុយរៀល និងលុយដុល្លារ សរុបជាទឹកប្រាក់ប្រមាណចំនួន៣ម៉ឺនដុល្លារ ។
លោក អធិការបន្តទៀតថា ចំពោះករណីអគ្គិភ័យឆាបឆេះលំនៅឋានប្រជាពលរដ្ឋអស់ទាំងស្រុងខាងលើ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានសហការគ្នាចុះជួយអន្តរាគមន៍យ៉ាងស្រស្រាក់ស្រស្រាំ ដោយប្រើប្រាសរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រគរផងដែរ ហើយសង្ស័យបណ្ដាលមកពីទុស្សេខ្សែភ្លើងទើបឆ្លងចរន្តអគ្គិសនីឆាបឆេះបែបនេះតែម្តង ហើយបានធ្វើកំណត់ហេតុត្រឹមត្រូវដើម្បីរាយការណ៍ជូនថ្នាក់លើ ប៉ុន្តែទោសជាយ៉ាងណាក្តីករណីនេះពុំបង្កការរងរបួសដល់មនុស្សនោះទេ៕ ប៉ឹម ពិន