ព័ត៌មានទាន់ហេតុការណ៍៖

ពលករឆ្លងដែនតាមច្រករបៀងនៅតែបន្ត ទោះរាជរដ្ឋាភិបាលកម្ពុជា-ថៃសម្រួលជើងធ្វើដំណើរក៏ដោយ

ចែករំលែក៖

ប៉ោយប៉ែត ៖ ពលករខ្មែរសម្រុកឆ្លងដែនទៅប្រទេសថៃ តាមច្រករបៀង ដោយខុសច្បាប់ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាយប់ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។ ច្រករបៀងដែលមានពលករលួចឆ្លងដែនខាងលើ ស្ថិតក្នុងភូមិអូរល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពលករម្នាក់និយាយថា ការឆ្លងដែនតាមច្រករបៀងខុសច្បាប់ព្រោះ តែទៅតាមរយៈក្រុមហ៊ុនធ្វើលិខិតឆ្លងដែនមានការយឺតយ៉ាវ ទើបបង្ខំចិត្តឆ្លងដែនតាមច្រករបៀង ។

ក្រុមពលករប្រាប់ថា ទៅប្រទេសថៃធ្វើការផ្សេងៗគ្នា ខ្លះធ្វើការរោងចក្រ និងភាគច្រើនទៅធ្វើជាកម្មករសំណង់ ហើយថា ថ្លៃផ្លូវពីកម្ពុជាដល់គោលដៅម្នាក់ ២៥០០បាត(ប្រាក់ថៃ)ទៅ២៧០០បាត(ប្រាក់ថៃ)នេះមិនទាន់គិតដល់សេវាជជុះនៅមាត់អូរព្រំដែនខ្មែរថៃនៅឡើយ។

បើទោះបីរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ(កម្ពុជា-ថៃ) បានសម្របសម្រួលជើងធ្វើដំណើរ តាមច្រកទ្វារព្រំដែនអន្តរជាតិនានា មិនយកប្រាក់ក្តី ក៏ពលករមួយចំនួននៅតែលួចឆ្លងដែនខុសច្បាប់ តាមរយៈឃោសនា ការអូសទាញរបស់ពួកមេខ្យល់។

នៅកន្លែងទីតាំងដែលពលករឆ្លងដែនខាងលើនោះ គេឃើញពលករប្រុស ស្រីជាច្រើនអង្គុយរង់ចាំមេខ្យល់នៅក្នុងព្រៃ ពេលយប់ប្រថុយនឹងគ្រោះថ្នាក់ផ្សេងៗ ដូចជាពពួកសត្វព្រៃមានពឹសជាដើម និងអាចជួបគ្រោះដោយយថាហេតុ ដូចជាគ្រាប់ម៉ីនដែលបន្សល់ទុកពីស័យសង្គ្រាម ព្រោះកន្លងមក ពលករឆ្លងដែនខុសតាមច្រករបៀងបានជាន់ម៉ីនគ្រោះថ្នាក់ខ្លះរងរបួស ខ្លះទៀតស្លាប់ និងខ្លះទៀតធ្លាក់ខ្លួនពិការ ។

នៅក្នុងការដេកចាំឆ្លងដែននោះដែរ ក្រុមពលករទាំងនោះតម្រូវឲ្យបង់ប្រាក់បន្ថែមទៀតឲ្យទៅនគរបាលការពារព្រំដែនគោក៨១៥ គ្រប់គ្រងដោយលោក ប៊ុន គុន មេប៉ុស្តិ៍ប្រចាំនៅទីនោះ ក្នុង១នាក់ ២ម៉ឺនរៀលបន្ថែមទៀត ជាថ្នូរឆ្លងអូរព្រំដែនពីកម្ពុជាទៅប្រទេសថៃ។

ពលករទាំងនោះបញ្ជាក់ថា ពួកគាត់មកពីតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំជាដើមតាមរយៈមេខ្យល់។

ប្រភពបានបង្ហើបថា ចំពោះពលករដែលដេកក្នុងព្រៃរង់ចាំមេខ្យល់ខាងលើនោះ គឺមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធរវាងនគរបាលការពារព្រំដែន គោក ជាមួយមេខ្សល់ ទើបឲ្យពលករទាំងអស់នោះ ចេញតាមច្រករបៀងគ្មានការទប់ស្កាត់ ព្រោះថា នៅរដូវចូលឆ្នាំ ច្រករបៀងដែលគ្រប់គ្រងដោយលោក ប៊ុន គុន មេប៉ុស្តិ៍បឹងបេងនោះ ក៏មានបើកឲ្យពលករឆ្លងចូលមកកម្ពុជាផងដែរ។ ក្នុង១យប់ប្រហែល១០០នាក់ទៅ២០០នាក់ ទើបក្រោយចូលឆ្នាំមេខ្យល់នាំពលករឆ្លងដែនទៅធ្វើការប្រទេសថៃ តាមច្រករបៀងនោះដដែល។ ប្រភពបញ្ជាក់ថា ពលករឆ្លងដែនមេខ្យល់នាំចេញតាមច្រករបៀងណា នាំចូលក៏ច្រករបៀងនោះដែរ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ លោក ប៊ុន គុន មេប៉ុស្ដិ៍បឹងបេងប្រាប់តាមទូរស័ព្ទថា បើបងដឹងហើយបងនិយាយធ្វើអ្វី ហើយនៅកន្លែងចំណុចខាងលើនោះ មិនមែនតែយកប្រាក់តែប៉ុស្ដិ៍លោកទេ គឺមានអ្នកពាក់ព័ន្ធច្រើនស្ថាប័នទៀត។ យ៉ាងណាក៏ដោយ ស្ថាប័នដែលពាក់ព័ន្ធនោះ ក្រុមការងារមិនអាចសុំការបកស្រាយឡើយ ៕ វណ្ណា


ចែករំលែក៖