ព័ត៌មានទាន់ហេតុការណ៍៖

តៃកុងរថយន្តដឹកជ្រូកងោកពេលបើកបរ បុករះម៉ូតូនិងឡានច្រើនគ្រឿងហើយជ្រុលបុកចូលផ្ទះពលរដ្ឋស្លាប់២នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កូនប្រុសម្នាក់អាយុ២ឆ្នាំបានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯកឪពុកបានរងរបួសធ្ងន់ និង បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើង ដោយរថយន្តដឹកជ្រូកមួយគ្រឿងបុករះម៉ូតូ និងរថយន្តហើយជ្រុលបុកសំយ៉ាបផ្ទះពលរដ្ឋ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោងម៉ោង០៨និង២៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូជាតិលេខ៥ ត្រង់ចំណុច ភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ម្នាក់ឈ្មោះធី វិច្ឆិកា ភេទប្រុស អាយុ២ឆ្នាំបានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯម្នាក់ទៀតឈ្មោះ ជឹម ពេជ អាយុ៣២ឆ្នាំ ជាឪពុករងរបួសបាក់ភ្លៅ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ ទាំងពីរនាក់នេះជាឪពុកនិងកូន រស់នៅក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងជារថយន្តដឹកជ្រូក ពាក់ស្លាកលេខ តាកែវ ៣A-០៨៤៤ បានធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើងបើកក្នុងល្បឿនយ៉ាងលឿនពេលមកដល់កន្លែងទីប្រជុំជនក៍ស្រាប់តែរេចង្កូតបុកម៉ូតូដែលនៅក្បែរចិញ្ចើមផ្លូវចំនួន៥គ្រឿង និង ជ្រុលបុករថយន្តចំនួន២គ្រឿងទៀត ហើយបន្តបុកសំយ៉ាបផ្ទះពលរដ្ឋបណ្តាលឲ្យជនរងគ្រោះពីរនាក់ឪពុកកូនបានស្លាប់ទាំងពីរនាក់តែម្តង ក្រោយពេលកើតហេតុ ជនបង្កអ្នកបើកបរថយន្តដឹកជ្រូកព្យាយាមរត់គេច ប៉ុន្តែត្រូវសមត្ថកិច្ច កងរាជអាវុធហត្ថតាមចាប់ជាប់ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា អ្នកបើកបរថយន្តបង្កនេះ មានឈ្មោះ ប៊ុន លីម ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិរការព្រៃ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់ បច្ចុប្បន្ន សមត្ថកិច្ចនគបាលស្រុកបរិបូរណ៍បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យចរាចរណ៍ផ្លូវ គោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តបន្តទៅតាមនីតិវិធី ។ ដោយមធ្យោបាយទាំងអស់ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកបរិបូរណ៍ ចំពោះសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារឲ្យទៅធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា


ចែករំលែក៖