ខេត្តក្រចេះ ៖ នគរបាលស្រុកសម្បូណ៌បានឃាត់ខ្លួនបុរសជាកូនប្រសាជនជាតិភាគតិចម្នាក់ដែលបានច្រានឪពុកក្មេកដួលដាច់ផ្ងារបណ្តាលឲ្យបោកក្បាលនិងដុំឈើរហូតបាក់កស្លាប់បន្ទាប់ពីមានជម្លោះក្នុងគ្រួសារដោយសារប្រពន្ធបុរសនេះឃាត់មិនឲ្យទៅរាំធុងបាស់ក្នុងពេលចូលឆ្នាំថ្មី ។
បុរសជាកូនប្រសាប្រុសដែលបានច្រានឪពុកក្មេកដួលដាច់ផ្ងារបណ្តាលឲ្យបោក ក្បាលនឹងដុំឈើរហូតបាក់កស្លាប់នេះឈ្មោះ ស៊ូ ចេត អាយុ៣២ឆ្នាំ មុខរបរកសិករ រស់ នៅឃុំស្រែជិះ ស្រុកសម្បូណ៌ ខេត្តក្រចេះ (ជនជាតិភាគតិច)។ រីឯឪពុកក្មេក ឈ្មោះ ព្លូត តូប អាយុ៧៨ឆ្នាំ រស់នៅជាមួយនឹង កូនប្រសាជាជនដៃដល់ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកសម្បូណ៌បានឲ្យដឹងថា នៅថ្ងៃកើតហេតុថ្ងៃអង្គារ ៣ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៨ ជនដៃដល់បានកើតមានជម្លោះជាមួយស្ត្រីជាប្រពន្ធពីរឿងប្រពន្ធមិនឲ្យទៅរាំធុងបាស់ក្នុងភូមិនាថ្ងៃចូលឆ្នាំចុង ក្រោយ។ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.កមក បុរសរងគ្រោះជា ឪពុកក្មេកឈ្មោះ ព្លូត តូប អាយុ៧៨ឆ្នាំ ដែល ស្រវឹងស្រាផងនោះបានចូលទៅឃាត់និងយកកូនព្រនង់ទៅវាយកូនប្រសា(ជនដៃ ដល់) តែពេលនោះជនដៃដល់បានចាប់ ជាប់និងកញ្ឆក់យកព្រនង់បានយកទៅ បោះចោល។ ភ្លាមនោះបុរសជាឪពុកក្មេក បានស្ទុះទៅយកព្រនង់នោះមកវាយសម្តៅលើជនដៃដល់ម្តងទៀត ហើយជនដៃដល់ក៏ ចាប់ ព្រនង់ជាប់រួចច្រានដើមទ្រូងឪពុកក្មេកដាច់ផ្ងារក្រោយបណ្តាលឲ្យបាក់កស្លាប់ តែម្តង ។
ក្រោយទទួលបានព័ត៌មាននេះភ្លាមនគរ បាលមូលដ្ឋានបានចុះទៅដល់ហើយឃាត់ខ្លួនជនដៃដល់ជាកូនប្រសានាំទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ សហការី