ព័ត៌មានទាន់ហេតុការណ៍៖

តាវ័យជាង៧០ឆ្នាំតូចចិត្តកូនមិនមកលេងរដូវបុណ្យចូលឆ្នាំថ្មីចងកធ្វើអត្តឃាតនៅចំការស្វាយចន្ទី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ តាវ័យជាង៧០ឆ្នាំម្នាក់​ អស់សង្ឃឹមតូចចិត្តនឹកូនស្រី ដែលមិនបានមកសួរសុខទុក្ខថ្ងៃបុណ្យចូលឆ្នាំខ្មែរ ក៏បានសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួន ក្នុងចំការស្វាយចន្ទីបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាវេលាទៀបភ្លឺ។

ហេតុការណ៍លោកតាម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួននេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចម្ការស្វាយចន្ទីក្នុងភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា សាកសពគេរកឃើញប្រើខ្សែគោ​ ចងលើមែកស្វាយចន្ទីផុតជើងកំពស់ជាងកន្លះម៉ែត្រនៅលើដងខ្លួនមានដណ្តប់ភួយ និងមានពាក់ពិលលើក្បាល។

នគរបាលប៉ុស្តិរដ្ឋបាលឃុំស្រែខ្ទុមប្រាប់ថា ជនរងគ្រោះឈ្មោះលុត​ ណោញ អាយុ៧២ឆ្នាំ មានប្រពន្ធអាយុជាង៦០ឆ្នាំ រស់នៅក្នុងគ្រួសារមានសមាជិកបីនាក់ ក្បែរទីតាំងកើតហេតុ ។

ប្រពន្ធជនរងគ្រោះប្រាប់ថា អំឡុងថ្ងៃចូលឆ្នាំកន្លងផុតទៅ ជនរងគ្រោះបានសុំទៅលេងកូនស្រីនៅខេត្តកំពង់ចាម តែរូបគាត់ជាប្រពន្ធបានឃាត់មិនអោយទៅទេព្រោះសុខភាពជនរងគ្រោះនោះមិនល្អ​។

គាត់បន្តថា នៅបញ្ចប់ថ្ងៃចូលឆ្នាំទៅហើយ កូនស្រីគាត់ក៏មិនឃើញមកលេងឪពុកម្តាយហើយ ប្រហែលគាត់តូចចិត្តនឹងការឃាត់មិនឲ្យទៅលេងកូនផង ម្យ៉ាងកូនក៏មិនមកលេងទៀត ហើយណាមួយគាត់មានជំងឺប្រចាំកាយផង ទើបនៅវេលាទៀបភ្លឺគាត់ក៏លួចទៅចង.កសម្លាប់ខ្លួនតែម្តង។

នគរបាលមូលដ្ឋានបានធ្វើកោសល្យវិច័យលើសាកសព និងបានសន្និដ្ឋានថា ពិតជាបានចងកធ្វើអត្តឃាតពិតមែន ហើយក៏ប្រគល់សាកសពទៅឲ្យប្រពន្ធ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ជីវន្ត


ចែករំលែក៖