ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធមិនព្រមមកជួប កាប់នឹងកាំបិតពេលនាងកំពុងជិះម៉ូតូរួចទៅលោតទឹកពីលើស្ពាន

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់បានបែកបាក់ពីប្រពន្ធរបស់ខ្លួនអស់រយៈពេលប្រមាណជាង២ខែក្រោយមកបានមកសុំប្រពន្ធជួបគ្នា តែ ប្រពន្ធមិនមកជួបធ្វើឲ្យបុរសនេះខឹងបានយកកាំបិតផ្គាក់កាប់ប្រពន្ធដែលកំពុងជិះម៉ូតូចំកបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ បំផុត ។

ករណីឃាតកម្មខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទី រសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៨ នៅមុខអនុវិទ្យា ល័យកំពង់ចម្លង ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្ដ កណ្ដាល ។

មន្រ្ដីនគរបាលស្រុកលើកដែកបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ទន់ ស្រីណយ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្ដកណ្ដាល។ ចំណែកជនដៃដល់ឈ្មោះ រ៉ា ឆៃរ៉ាត់ អាយុ២៣ឆ្នាំ មានទីលំនៅភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ដ កណ្ដាល ។

ប្រភពដដែលបានបន្ដថា ជនដៃដល់និងនារីរងគ្រោះជាប្តីប្រពន្ធនឹងគ្នាហើយបានលែងលះគ្នាអស់រយៈពេលជាង២ខែមក ហើយដោយសារតែជនដៃដល់វាយដំធ្វើបាបប្រពន្ធខ្លាំងពេក។ លុះមកដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៨ ជនដៃដល់បានឲ្យនារីរងគ្រោះមកជួបគ្នាដើម្បីជជែកឲ្យ ដាច់ស្រេចតែនាងមិនទៅជួបទេ។ រហូត មកដល់វេលាម៉ោង២និង១៥នាទីរសៀល ស្រាប់តែជនដៃដល់យកកាំបិតផ្គាក់ទៅកាប់នារីរងគ្រោះចំក ខណៈដែលនាងកំពុងជិះម៉ូតូបណ្ដាលឲ្យធ្លាក់ពីលើម៉ូតូស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់បំផុត។ ក្រោយពីធ្វើសកម្មភាពរួចជនដៃល់បានរត់គេចខ្លួន ។

ចំពោះករណីខាងលើនេះសមត្ថកិច្ច បានឡោមព័ទ្ធចាប់ជនជាឃាតក ខណៈ ជននេះបានព្យាយាមលោតទឹកសម្លាប់ខ្លួនលើស្ពានត្សឹបាសា ហៅស្ពានអ្នកលឿងតែ មកដល់វេលាម៉ោង៥ល្ងាចថ្ងៃទី១៩ ខែ មេសា សមត្ថកិច្ចនៅមិនទាន់រកឃើញជនដៃដល់នៅឡើយទេ ហើយមិនដឹងថា ជន ដៃដល់ស្លាប់ ឬរស់នោះទេទេ ។

យ៉ាងណាជនដៃដល់ដែលគេឆែករក ឃើញនៅក្នុងហ្វេសប៊ុកមានគណនីឈ្មោះ Bong Rath Os Kae បានសរសេរបណ្តាំ ទុកមុនពេលធ្វើឃាតអតីតប្រពន្ធថា “ជា ចុងក្រោយទោះមិនកើតក្នុងថ្ងៃតែមួយក៏ ស្លាប់ក្នុងថ្ងៃតែមួយដែរ បងស្រឡាញ់អូន អាណយ” ។

ជាមួយគ្នានេះដែរគេឃើញវីដេអូឃ្លីប នៅក្នុងទូរស័ព្ទរបស់ជនដៃដល់ក្រោយពី សម្លាប់អតីតប្រពន្ធរួចរត់ទៅលោតទឹក សម្លាប់ខ្លួននៅស្ពានអ្នកលឿងដោយជន ដៃដល់បានសរសេរជាចុងក្រោយថា “បាយ បាយពិភពលោក” រួចយកទូរស័ព្ទដាក់ ចោលថតLiveសកម្មភាពរបស់ខ្លួនលោតទឹកបាត់ទៅ ៕ ស្អាងជ័យ

 


ចែករំលែក៖