ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០១៨បានដិសេធថា មិនមានការដឹកជញ្ជូនអាវុធតាមទូកនេសាទចេញពីម្តុំស្ទឹងហាវ ខេត្តព្រះសីហនុរបស់កម្ពុជា ចូលទៅទឹកដីប្រទេសថៃហើយត្រូវអាជ្ញាធរខេត្តខ្លងយ៉ៃចាប់បាននោះឡើយ ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បាន បន្តថា នាថ្មីៗនេះមានការផ្សព្វផ្សាយនៅលើ បណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថា មានការដឹកអាវុធតាមទូកនេសាទ ពីម្តុំស្ទឹងហាវ ខេត្តព្រះសីហនុរបស់កម្ពុជា ចូលទៅក្នុងទឹកដីថៃ ហើយត្រូវអាជ្ញាធរថៃ ស្រុកខ្លងយ៉ៃ ខេត្តត្រាតចាប់បានដែលអាវុធ ទាំងនោះរួមមាន កាំភ្លើងប្រភេទTEPY កាំភ្លើងប្រភេទM16, កាណុងM16, ឈុត ឧបករណ៏កៃកាំភ្លើង៥ឈុត បន្ទះតួកាំភ្លើង ជាដើម ។
អ្នកនាំពាក្យក្រសួងការពារជាតិបាន បញ្ជាក់ជូនសាធារណជន និងបណ្តាញផ្សព្វ ផ្សាយឱ្យបានជ្រាបថា ការផ្សព្វផ្សាយថា អាវុធទាំងនេះដឹកចេញពីទឹកដីកម្ពុជាគឺជា ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយគ្មានប្រភពច្បាស់លាស់។ នៅប្រទេសកម្ពុជាមិនមានការប្រើប្រាស់អាវុធប្រភេទនេះទេ ។
សូមរំលឹកថា កម្លាំងសមត្ថកិច្ចស្រុកខ្លង យ៉ៃ ខេត្តត្រាត ប្រទេសថៃបានឃាត់រថយន្ត មួយគ្រឿងឆែកឆេររកឃើញមានដឹកជញ្ជូនអាវុធដោយខុសច្បាប់ជាច្រើនដើមរួមទាំងជនសង្ស័យម្នាក់ផងដែរ។ អាវុធទាំងនោះ ដាក់តាមរថយន្តចេញនៅកំពង់ផែមួយក្នុងភូមិខ្លងស៊ុន ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេស ថៃដែលមានចម្ងាយពីច្រកទ្វារអន្តរជាតិចាំយាមក្នុងខេត្តកោះកុងប្រមាណ៨គីឡូម៉ែត្រ ប៉ុណ្ណោះ ។
តាមប្រភពព័ត៌មានពីប្រទេសថៃបានឲ្យដឹងថា អាវុធទាំងនោះត្រូវបានជនសង្ស័យដឹកជញ្ជូនកាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោងប្រហែល១២និង ៣០នាទីរំលងអធ្រាត្រកម្លាំងសមត្ថកិច្ចថៃ ត្រង់ប៉ុស្តិ៍ត្រួតពិនិត្យបានម៉ៃរូត ស្រុកខ្លង យ៉ៃ ខេត្តត្រាតដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីច្រកទ្វារអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុងបានឃាត់ចាប់រថយន្តមួយគ្រឿងមានដឹកជញ្ជូនអាវុធជាច្រើនដើមចេញពីកំពង់ផែក្នុងភូមិខ្លង ស៊ុន ស្រុកខ្លងយ៉ៃ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា វត្ថុតាងដែលកម្លាំងសមត្ថកិច្ចប្រទេសថៃដក ហូតបានរួមមាន កាំភ្លើងប្រភេទTEPY២ ដើម, បង់ចំនួន២, កាំភ្លើងប្រភេទអឹមសី M16ចំនួន៤ដើម ក្នុងនោះមានមួយភ្ជាប់ ប្រដាប់សម្រាប់បាញ់M79, កាណុងកាំភ្លើង M16 ចំនួន២០កាណុង, ឈុតឧបករណ៍ កៃកាំភ្លើង៥ឈុត, បន្ទះតួកាំភ្លើង២០ បន្ទះ, គ្រាប់សម្រាប់បាញ់បំភ្លឺ៣គ្រាប់។ ក្នុង នោះសមត្ថកិច្ចឃាត់ខ្លួនជនជាតិថៃម្នាក់ និងរថយន្តប្រភេទ២បាំងមួយគ្រឿង ៕ ហេង សូរិយា