ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងវប្បធម៌ពិនិត្យការក្រាលក្ដារលើឫសឈើនៅប្រាសាទតាព្រហ្ម

ចែករំលែក៖

ខេត្តសៀមរាប៖ ឆ្លៀតក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏មមាញឹកលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈនិងជាប្រធានអាជ្ញាធរជាតិ អប្សរាបានអញ្ជើញចុះទៅពិនិត្យតាមដាន វឌ្ឍនភាពនៃការក្រាលកម្រាលក្តារនៅលើឫសឈើនាប្រាសាទតាព្រហ្ម ។

គោលបំណងនៃការចុះទៅពិនិត្យការក្រាលកម្រាលក្តារនេះ គឺដើម្បីមើលភាពរៀបរយនៃការក្រាលកម្រាលនិងស្វែង យល់បន្ថែមពីគុណភាពនៃកម្រាលថា តើ​អាច សង្គ្រោះដើមឈើបានកម្រិតណា។ លើស ពីនេះទៀត ការក្រាលកម្រាល​ក្តារ​លើឫសឈើនៅប្រាសាទតាព្រហ្មក៏ស្របទៅតាមអនុសាសន៍របស់កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ (ICC-Angkor) ផងដែរ ។

គួរបញ្ជាក់ថា ដើមឈើធំៗភាគច្រើននៅក្នុងប្រាសាទតាព្រហ្ម គឺកំពុងរង គ្រោះថ្នាក់ដោយសារតែកំណើនភ្ញៀវទេសចរជាច្រើនចូលទៅទស្សនាប្រាសាទហើយជាន់លើឫស ឬលើដីក្បែរឫស ជាហេតុធ្វើឱ្យ​ឫស​ឈើមានដំបៅ ក្រិន មានជំងឺ ហើយ​ហាប់ដីមិនអាចដកដង្ហើមបាន ។ ដោយ​ហេតុដូច្នេះ ហើយ​ដើម្បីបញ្ចៀសនូវហា និភ័យដល់ដើមឈើទាំងឡាយ អាជ្ញាធរ ជាតិអប្សរាក៏រៀបចំក្រាលកម្រាលក្តារលើឫសឈើ ដើម្បីសង្គ្រោះដើមឈើឱ្យមានសុវត្ថិភាពល្អប្រសើរឡើងវិញ ៕ ហេង សូរិយា


ចែករំលែក៖