ភ្នំពេញ ៖ នៅក្នុងកិច្ចជំនួបជាមួយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោក LIAO JINGRONG (លាង ជីងរ៉ុង) អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងសន្តិសុខសារធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានស្នើ ឲ្យកម្ពុជា ចាត់វិធានការទៅតាមច្បាប់ចំពោះជនជាតិ និងអ្នកវិនិយោគរបស់ខ្លួន ដែលបានប្រព្រឹត្តខុសច្បាប់ និងទំនៀមទម្លាប់របស់ខ្មែរ ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបាន ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចជំនួបនោះ ថា ចិននៅតែបន្តសហការជាមួយកម្ពុជាជានិច្ចផ្នែកសន្តិសុខ ហើយចិនបានថ្លែងអំណរអគុណដល់កម្ពុជា ដែលបានចាត់វិធានការណ៍នូវជនជាតិចិននាពេលកន្លងមក ដែលបានប្រព្រឹត្តខុសនៅកម្ពុជា ជាក់ស្តែងកាលពីឆ្នាំកន្លងទៅមានជនជាតិចិនប្រមាណជាងប្រាំរយនាក់ ត្រូវបានចាប់បញ្ជូនឲ្យទៅវិញ ហើយទង្វើនេះ គឺជាកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងចិន ។
នៅក្នុងកិច្ចជំនួបនោះលោក LIAO JINGRONG ក៏បានស្នើសុំបន្ថែមដល់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឲ្យជួយការពារ និងបង្កើនសន្តិសុខ ដល់ជនជាតិចិន និងអ្នកវិនិយោគចិន ដែលកំពុងរស់នៅកម្ពុជាផងដែរ ដោយលោកអះអាងថា អ្នកវិនិយោគចិនដែលកំពុងរស់នៅកម្ពុជានេះក៏ជាការជួយដល់កម្ពុជា ឲ្យមានការអភិវឌ្ឍបានយ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះ ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងផងដែរថា នៅក្នុងដំណើរទស្សនកិច្ចរបស់ លោក LIAO JINGRONG នេះ គឺដើម្បីរៀបចំនូវដំណើរទស្សនកិច្ចរបស់ លោក ចាវ គឺជិ រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន ដែលគ្រោងនឹងមកទស្សនកិច្ចនៅកម្ពុជានាខែក្រោយនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀតទាក់ទងនឹងផ្នែកសន្តិសុខទាំងជាតិ និងអន្តរជាតិ ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានស្វាគមន៍ និងថ្លែងអំណរអគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានសហការ និងជួយកម្ពុជានាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ ហើយលោកបានសន្យាថា នឹងបង្កើនយកចិត្តទុកដាក់ក្នុងការការពារនូវជន ជាតិចិន និងអ្នកវិនិយោគចិននៅកម្ពុជាបន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ ។
សូមរំលឹកថា ប្រទេសចិន គឺជាប្រទេសទីមួយដែលបានផ្តល់ជំនួយច្រើនជាងគេដល់កម្ពុជា ។ ជំនួយដែលមហាយក្យមួយនេះបានផ្តល់ភាគច្រើនលើ ហេដ្ឋារចនាសម្ព័ន្ធ យោធា វិស័យអប់រំ សុខាភិបាល និងវិស័យជាច្រើនទៀត ។ ដោយឡែកសម្រាប់ទំហំពាណិជ្ជកម្មវិញបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងកាលពីឆ្នាំកន្លងទៅទំហំពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរបានកើនឡើងរហូតដល់ជិតប្រាំពាន់លានដុល្លារអាមេរិកហើយប្រមុខដឹកនាំប្រទេសទាំងពីរក៏បានសន្យាថានឹងបង្កើននូវទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២០ឲ្យឡើងដល់ប្រាំមួយពាន់លានដុល្លារអាមេរិកឯណោះ ៕ ប្រាថ្នា