ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលសេដ្ឋកិច្ចត្រួតពិនិត្យរោងចក្រផលិតភេសជ្ជៈជាច្រើនប្រភេទនៅខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃសហការជាមួយវិទ្យាស្ថាន ស្តង់ដារកម្ពុជានិងសមត្ថកិច្ច ខេត្តកណ្តាលបានចុះត្រួតពិនិត្យសិប្បកម្មផលិតភេសជ្ជៈ ប៉ូវកម្លាំង B-Smart មួយកន្លែង ស្ថិតនៅឃុំ ស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាលដោយសង្ស័យផលិតពុំបានអនុលោមត្រឹមត្រូវ តាមច្បាប់កំណត់(រោងចក្រ) ហើយពុំមានអនាម័យត្រឹមត្រូវដែលអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកបរិភោគ។

ប្រតិបត្តិការនេះ គឺបានធ្វើឡើងនៅ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សមត្ថកិច្ច ជំនាញសហការជាមួយវិទ្យាស្ថានស្តង់ដារ កម្ពុជា មន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្ត និងនគរបាលសេដ្ឋកិច្ចខេត្តកណ្តាល និង ក្រោមការសម្របសម្រួលនីតិវិធីពីលោកហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តកណ្តាល ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចុះប្រតិបត្តិការនោះលោក ម៉ាត់ យូសុះ នាយការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិ បញ្ញាបានឲ្យដឹងថា ក្រោយចុះពិនិត្យជាក់ ស្តែងបានឃើញថារោងចក្រខាងលើបានផលិតភេសជ្ជៈ ជាច្រើនប្រភេទដែលមាន ម៉ាកដូចជា B-Smart Grean Tea, Honey, Strawberry, Energy Drink ប៉ៃតង Energy Drink ខៀវដែល បានផលិតពុំអនុលោមត្រឹមត្រូវតាមការចុះបញ្ជីច.ប.ផ. នៅវិទ្យាស្ថានស្តង់ដារកម្ពុជានោះឡើយ ព្រម ជាមួយទីតាំងពុំបានរៀបចំ តាមបទដ្ឋានត្រឹមត្រូវនិងខ្វះអនាម័យថែមទៀតផង។ តែ យ៉ាងណាក៏ដោយ សមត្ថកិច្ចពុំបានបិទ រោងចក្រនោះឡើយ គ្រាន់តែណែនាំឲ្យ ម្ចាស់ សិប្បកម្មធ្វើឲ្យស្របតាមស្តង់ដារនិងអនាម័យប៉ុណ្ណោះ។

លោក ម៉ាត់ យូសុះបានបន្ថែមថាយោងតាមការសម្របសម្រួលរបស់លោក ហេង ផេង ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាលបាន តម្រូវឲ្យម្ចាស់រោងចក្រកែតម្រូវឲ្យបានត្រឹមត្រូវតាមបទដ្ឋាន បច្ចេកទេសនិងអនាម័យត្រឹមត្រូវ ព្រមទាំង តម្រូវឲ្យម្ចាស់ទីតាំងដែលមានឈ្មោះ ងន សុគន្ធ ទៅសាកសួរបំភ្លឺបន្ថែមនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តតាមនីតិវិធី ៕ ហេង សូរិយា


ចែករំលែក៖