ព័ត៌មានទាន់ហេតុការណ៍៖

១៥ឆ្នាំមុនប្លន់នៅខេត្តស្វាយរៀង ថ្ងៃនេះចាប់បាននៅបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មុខសញ្ញាចោរប្លន់ម្នាក់ ត្រូវនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននៅព្រឹក ថ្ងៃ សុក្រ ៦ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេលជាង១៥ឆ្នាំ ក្រោយធ្វើសកម្មភាពប្លន់ទ្រព្យសម្បតិ្ដនៅឆ្នាំ២០០៣ ក្នុងខេត្តស្វាយរៀងហើយមកលាក់ខ្លួន នៅខេត្តបន្ទាយមានជ័យ។

នគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ក្រូច ម៉ៃ អាយុ៥១ឆ្នាំ មានទីលំនៅភូមិដងរែក ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានជាប់ទាក់ទិនក្នុងករណី រួបរួមគ្នាប្លន់ទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៣ នៅចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពដដែលបន្តថា ការចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានធ្វើឡើងដោយ កម្លាំងនគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងកងទ័ពទីបញ្ជាការទិសថ្មពួក នៃតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៧ ចុះថ្ងៃទី២៨ ខែ មករា ឆ្នាំ២០០៩ របស់លោក ឃី ឆៃ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង។

មុខសញ្ញាចោរប្លន់ម្នាក់នេះមានដីកាបង្គាប់ឲ្យចាប់ខ្លួននេះ បន្ទាប់ពីប្រព្រឹត្តបទល្មើសរួចបានរត់គេចខ្លួន ទៅខេត្តបន្ទាយមានជ័យ អស់រយៈពេលជាង១៥ឆ្នាំមកហើយ ក្រោយមកទើបសមត្ថកិច្ច ជំនាញបានស្រាវជ្រាវរកឃើញទីតាំងលាក់ខ្លួន ហើយធ្វើកិច្ចសហប្រតិបត្តិការបង្ក្រាបចាប់ខ្លួន ជនសង្ស័យក្នុងថ្ងៃនេះតែម្តង ៕ សហការី


ចែករំលែក៖