ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះរោងបាយយ៉ាងសន្ធោសន្ធៅអស់មួយខ្នងទាំងស្រុង​នៅខណ្ឌដង្កោ ព្រោះតែទុស្សេកន្លែងដោតភ្លើង

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះ រោងបាយ សង់ពីឈើប្រក់ស័ង្កសីមួយខ្នង បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យចេញជួយពន្លត់ នៅវេលាម៉ោង០១និង៤០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតភូមិម័រ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះខាងលើមានឈ្មោះ តា​ ម៉ង់ និងយាយ ចិត្រ បានប្រាប់ឲ្យដឹងថា មូលហេតុដែលនោះគឺឆ្លងចរន្តអគ្គិសនី កន្លែងដោតភ្លើង ទើបបណ្ដាលឲ្យឆាបឆេះ រោងបាយ ដែលសង់ពីឈើប្រក់ប្រក់ស័ង្កសី ទំហំ ៧ម៉ែត្រx៣ម៉ែត្រ និងសំភារៈផ្ទះបាយមួួយចំនួួន (មានគ្រែ ចំនួន២​ និងចាន ឆ្នាំង​ -ល-) ខ្ទេចអស់ទាំងស្រុង តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតទេ គ្រាន់តែឆេះរោលជញ្ជាំងផ្ទះថ្មកម្ពស់ ៣ជាន់បន្តិចបន្តួចប៉ុណ្ណោះ។

លោក ព្រហ្ម យ៉ន ប្រធានការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ដឹងថា​ ក្នុងប្រតិបត្តិការ​ពន្លត់អគ្គិភ័យខាងលើនេះ បានប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​ ចំនួន​ ០៣គ្រឿង ដោយរថយន្តពន្លត់អគ្គិភ័យ​​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន​ ០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យជំនួយរបស់ក្រុមហ៊ុនឯកជន ខ្មែរប៊ែវើរី ចំនួន​ ១គ្រឿង។ ហើយការអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យខាងលើនេះវិញ គឺប្រើពេលវេលាប្រហែលកន្លះម៉ោងប៉ុណ្ណោះ ក៏អាចបាញ់ពន្លត់ទៅវិញជាសន្ថាពរផងដែរ​៕ ភារ៉ា ដង្កោ


ចែករំលែក៖