ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងបើកដំណើរការជិត១ខែ មានករណីរថភ្លើងបុករថយន្ត៣លើកមកហើយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថភ្លើងបានបុករថយន្តដឹកដី១គ្រឿងបណ្តាលឲ្យអ្នកបើករថយន្តរងបួសធ្ងន់ចំណែករថភ្លើងរងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរខណៈដែលរថយន្តដឹកដីបើកឆ្លងកាត់ផ្លូវរថភ្លើងមិនប្រុងប្រយ័ត្ន។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងកើតផ្លូវចូលវត្តដុងអារញ្ញ ប្រហែល២៥០ម៉ែត្រ ស្ថិតក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ គ្រោះថ្នាក់រថភ្លើងបុករថយន្តចុងក្រោយនេះ ត្រូវគេមើលឃើញថា កើតឡើងមានចំនួន៣ករណីមកហើយគ្រាន់តែរយៈពេលជិត១ខែ ដែលចាប់តាំងឲ្យមានការដាក់ប្រើប្រាស់រថភ្លើងពីក្រុងប៉ោយប៉ែត មកក្រុងសិរីសោភ័ណកាលពីថ្ងៃទី៤ មេសា កន្លងទៅថ្មីៗ បណ្តាលឲ្យទទួលរងរបួសមនុស្សជាបន្តបន្ទាប់។ គ្រោះថ្នាក់រថភ្លើងបុករថយន្តនោះផងដែរ ក៏ត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋនាំគ្នាលើកឡើងថាមូលហេតុអ្នកបើករថយន្តបើកឆ្លងកាត់ផ្លូវរថភ្លើងមិនប្រុងប្រយ័ត្ន។

ពាក់ព័ន្ធគ្រោះថ្នាក់ខាងលើបើតាមនាយប៉ុស្ថិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត លោកអនុសេនីយ៍ឯក ម៉ា រិន ប្រាប់ឲ្យដឹងថា មុនពេលើកើតហេតុគេឃើញរថភ្លើងបានចេញដំណើរពីក្រុងប៉ោយប៉ែត ដើម្បីឆ្ពោះទៅក្រុងសិរីសោភ័ណ។ លុះរថភ្លើងធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើគេឃើញរថយន្តដឹកផ្ទុកដី១គ្រឿង ម៉ាកហ៊ីណូពណ៌សបើកបរដោយឈ្មោះ ភួង ពេជ្រ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បើកឆ្លងផ្លូវរថភ្លើងពីជើងទៅត្បូង ជិតផុតទៅហើយ ក៏ត្រូវរថភ្លើងបើកបុកកន្ទុយរថយន្តបណ្តាលឲ្យរថយន្តដឹកដីក្រឡាប់ជាច្រើនម៉ែត្រ បង្កឲ្យភ្ញៀវអ្នកជិះក្នុងរថភ្លើងមានការភ័យស្លន់ស្លោ ។

អ្នកបើករថយន្តទទួលរងរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកបញ្ជូនសង្រ្គោះទៅកាន់មន្ទីរពេទ្យ ។ ចំណែករថភ្លើងវិញរងការខូចខាតទៅមុខលែងរួច បែកធុងទឹក បែកចង្កៀង ដាច់ទុយោទឹកចូលម៉ាស៊ីន ដាច់ជណ្តើរខាងមុខ និងគ្រឿងអេឡិចត្រូនិចសម្រាប់បញ្ជាការបើកបរនៅក្បាលរថភ្លើងរងការខូចប្រព័ន្ធ។

លោកនាយប៉ុស្ថិ៍បានប្រាប់ឲ្យដឹងទៀតថា បច្ចុប្បន្ននេះរវាងភាគីម្ចាស់រថយន្ត និងក្រុមហ៊ុនរថភ្លើងកំពុងចរចារដោះស្រាយគ្នា។ ភាគីរថយន្ត និងត្រូវសងថ្លៃការខូចខាតរថភ្លើង ។ រថភ្លើងសម្រាប់ការធ្វើពីក្រុងប៉ោយប៉ែត ទៅក្រុងសិរីសោភ័ណ និងអាក់ខានធ្វើដំណើរយ៉ាងហោចណាស់២ថ្ងៃទម្រាំក្រុមជំនាញបច្ចេកទេសមកជួសជុលរថភ្លើងនោះឡើងវិញ។

សូមរំលឹកថា៖ ជុំវិញរថភ្លើងបុករថយន្តនៅខេត្តបន្ទាយមានជ័យ ករណីទី១បានកើតឡើងកាលពីថ្ងៃទី៧ មេសា រវាងរថភ្លើងបុករថយន្តកាមរីឆ្លាម១គ្រឿងបណ្តាលរថយន្តរងការខូចខាតសំណាងអ្នកបើករថយន្តគេចផុតពីគ្រោះថ្នាក់នៅចំណុចក្បែរផ្សារគុត្តសត ស្រុកអូរជ្រៅ ករណីទី២ កើតឡើងកាលពីថ្ងៃទី២១ ខែមេសា រវាងរថភ្លើងបុករថយន្តម៉ាកនីសាន់តាកូម៉ាពណ៌ ស ២បាំង ផ្លោងខ្ទាតជិត៥០ម៉ែត្រ បណ្តាលឲ្យអ្នកបើករថយន្តរងរបួសស្រាល នៅចំណុចភូមិគីឡូម៉ែត្រលេខ ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ពាក់ព័ន្ធបញ្ហានេះដែរ អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ បានសំដែងនូវការព្រួយបារម្ភ ហើយលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបើកបរយានយន្តគ្រប់ប្រភេទជាពិសេសបើកបរឆ្លងកាត់ចំណុចផ្លូវរថភ្លើងមានការប្រុងប្រយ័ត្នខ្ពស់បំផុត ៕ សំ វិច្ឆិកា


ចែករំលែក៖