ម៉ាឡេស៊ី៖ រដ្ឋMelaka ប្រទេសម៉ាឡេស៊ីនៅតែជាមិត្ដដ៏ល្អ លើកិច្ចសហប្រតិបត្ដិការលើគ្រប់វិស័យ ជួលដល់សហគមន៏ ខ្មែរអ៊ិស្លាមក៏ដូចជាជួយកសាងវិហារ ស៊ូរ៉ាវ សាលារៀន ការវិនិយោគ រួមនឹងការងារមនុស្សធម៌ កម្មវិធីស្រាយបួស ប្រាក់ឧបត្ថម្ភជនចាស់ជរា កុមារកំព្រា ជួយបើកវគ្គបណ្តុះបណ្តាលពង្រឹងវិស័យធនធានមនុស្ស ជំនួយគ្រោះធម្មជាតិ និងជំនួយកម្មវីធី ផ្សេងៗជាច្រើនទៀត។
នេះជាប្រសាសន៍លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីដែលបានបញ្ជាក់ឲ្យដឹង ខណៈលោកដឹកនាំគណៈប្រតិភូកម្ពុជាបន្ដដំណើរចុះទៅ រដ្ឋMelaka តំបន់Tanjung Minyak ប្រទេសម៉ាឡេស៊ី ជួបសំណេះសំណាល់ជាមួយពលករ ពលការិនី ខ្មែរអ៊ិស្លាម៣០០នាក់ និងជួបសម្ដែងការគួសម ជាមួយលោក DatukTan Sri Hj Mohd Ali Mohd Rustam សមាជិកសភាម៉ាឡេស៊ី និងជាប្រធានពិភពម៉ាឡាយូពិភព អ៊ិស្លាមម៉ាឡេសុី (DMDI) រួមនឹងថ្នាក់ដឹកនាំរដ្ឋបានរៀបចំពិធីពិសាអាហារសាមគ្គី។
ដំណើរជួបនេះធ្វើឡើង នៅភោជនីយដ្ឋាន Klasik Malaka នារាត្រីថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែមេសា ២០១៨។
លោក Mohd Ali Mohd Ru stam បានបញ្ជាក់ថា រដ្ឋ Malaka ជារដ្ឋមួយក្នុងចំណោមរដ្ឋមួយចំនួនទៀត ដែលមានពលរដ្ឋខ្មែររស់នៅច្រើន ដែលពួកគាត់មកតាំងទីលំនៅតាំងពីទស្សវត្ស ៧០ និង៨០ដែលជាសម័យកាលសង្គ្រាមនៅកម្ពុជា មកម៉្លេះ ហើយភាគច្រើនក៏បានទទួលសិទ្ធិជាសញ្ជាតិម៉ាឡស៊ី ដែលស្របច្បាប់ ក្រោយមកទៀតជាបន្តបន្ទាប់ ក៏មានបងប្អូនខ្មែរ ដែលមកបម្រើការងារនៅទីនេះកាន់តែច្រើនឡើងផងដែរ។
លោកបានកោតសរសើរពីការរក្សាបាននូវសុជីវធម៌របស់បងប្អូនអនិកជនខ្មែរជាពលរដ្ឋល្អរបស់កម្ពុជា ដែលបានសម្របខ្លួនដាក់ខ្លួនរួមរស់នៅក្រោមដំបូលរដ្ឋមួយនេះ ពុំដែលបង្កបញ្ហា ឬនាំទុក្ខកង្វល់ដល់ប្រជាជន និងថ្នាក់ដឹកនាំរវស់រដ្ឋមួយនេះទេ ផ្ទុយទៅវិញស្របពេលនឹងការចាប់យកអាជីបជាអ្នកជំនួញ អាជីវករ និងខ្លះជាកម្មករ បងប្អូនអនិកជនខ្មែរ ក៏ជាផ្នែកមួយដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម និងចូលរួមទ្រទ្រង់សេដ្ឋកិច្ច ម៉ាឡេស៊ីផងដែរ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាថ្នាក់ដឹកនាំខ្មែរអ៊ិស្លាមបានថ្លែងអំណរគុណ ដល់ម្ចាស់ផ្ទះនៃរដ្ឋ Malaka ក៏ដូចជារដ្ឋាភិបាលម៉ាឡេស៊ី ដែលជានិច្ចកាល បាន និងកំពុងយកចិត្តទុកដាក់បីបាច់ថែរក្សាដល់បងប្អូនអនិកជនខ្មែរ ក៏ដូចជាពលករ ពលការិនី និងពលរដ្ឋខ្មែរដែលមករស់នៅធ្វើការងារនៅលើទឹកដីនេះ មិនត្រឹមតែប៉ុណ្ណោះ ម៉ាឡេស៊ីជាដៃគូរទំនាក់ទំនងការទូតមួយយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ហើយក៏ជាភាគីផ្តល់ជំនួយដល់សហគមន៍ខ្មែរអ៊ិស្លាមលំដាប់លេខ១ បើប្រៀបធៀបនឹងបណ្តាដៃគូរម្ចាស់ជំនួយប្រទេសផ្សេងៗ។ មិនតែប៉ុណ្ណោះ រដ្ឋ Malaka នូវតែជាមិត្ដដ៏ល្អលើកិច្ចសហប្រតិបត្ដិការលើគ្រប់វិស័យ ជួលដល់សហគម៍ខ្មែរអ៊ិស្លាម ដូចជាជួយកសាងវិហារ ស៊ូរ៉ាវ សាលារៀន ការវិនិយោគ រួមនឹងការងារមនុស្សធម៌ កម្មវិធីស្រាយបួស ប្រាក់ឧបត្ថម្ភជនចាស់ជរា កុមារកំព្រា ជួយបើកវគ្គបណ្តុះបណ្តាល ពង្រឹងវិស័យធនធានមនុស្សជំនួយគ្រោះធម្មជាតិ និងជំនួយកម្មវីធីផ្សេងៗជាច្រើនទៀត៕ សំរិត