ខេត្តកណ្តាល៖ រឿងដីច្រាំងទន្លេដែលបាក់ជាបណ្តើរៗនៅពេលដែលរដូវទឹកឡើងរយៈពេលកន្លងមក ស្ថិតនៅក្នុងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល វាជារឿងគ្រោះធម្មជាតិ ដែលគ្មានមនុស្សណាម្នាក់ចង់បាន និងជួបវានោះឡើយ ផ្ទុយទៅវិញមានគ្រួសារមួយបានទៅទិញដីលំនៅឋានដែលមានហ៊ុំព័ទ្ធរបងជុំវិញ ហើយមានការទទួលស្គាល់ពីអាជ្ញាធ ភូមិ ឃុំ ត្រឹមត្រូវនៅលើផ្លូវច្បាប់នៃអចលនវត្ថុនេះ ។ ប៉ុន្តែពេលដែលគ្រួសារគាត់បានទិញដីលំនៅឋានខាងលើនេះរួចមក ក៏មានជនមួយក្រុមលេចមុខរួចចាប់ផ្តើមសាងសង់រោងឈើប្រក់ស័ង្កសីនៅលើដីច្រាំងទន្លេខាងក្រោយដីរបស់គាត់ រួចហើយបានបំប៉ោងនិងសរសេរភូតភរកុហក់មហាជនថា អ្នកដែលមានដីពិតប្រាកដទទួលស្គាល់ដោយអាជ្ញាធរ បែរជារំលោភនិងចាក់យកផ្លូវទៅវិញ ។
រឿងទំនាស់ដីច្រាំងទន្លេខាងលើនេះ វាបានអូសបន្លាយរហូតអស់រយៈពេលជិត៣ខែ ហើយជនរងគ្រោះដែលជាម្ចាស់ដីកម្មសិទ្ធិស្របច្បាប់ឈ្មោះ មួន ចាន់ហៀក បានធ្វើលិខិត និងពាក្យប្តឹងទៅអាជ្ញាធរភូមិ ដើម្បីឲ្យជួយដោះស្រាយលើបញ្ហាខាងលើនេះ ។ បន្ទាប់ពីបានទទួលពាក្យបណ្តឹង អាជ្ញាធរបានកោះហៅភាគីទាំងសងខាងដើម្បីឲ្យចូលតទល់មុខគ្នានៅក្នុងសាលាឃុំ តែភាគីម្ខាងទៀតដែលសង់រោងរំលោភយកដីច្រាំងទន្លេដើម្បីមកគ្រប់គ្រងធ្វើជាកម្មសិទ្ធិរបស់ខ្លួននេះ ហាក់បីមិនរវីរវល់ហើយបានបោះពាក្យសម្តីមិនពិរោះទៅលើភាគីម្ខាងទៀត ក៏ដូចជានៅចំពោះមុខអាជ្ញាធរ ។
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ អាជ្ញាធរឃុំព្រែកអំពិលបានអញ្ជើញភាគីទាំងពីរចូលដោះស្រាយគ្នានៅទល់មុខសាលាឃុំដើម្បីរកដំណោះស្រាយ ដែលភាគីម្ចាស់ដីស្របច្បាប់ឈ្មោះ មួន ចាន់ហៀក និងប្តី រីឯភាគីដែលសាងសង់រោងប្រក់ស័ង្កសីរំលោភដីច្រាំងទន្លេខាងក្រោយដីរបស់លោកស្រី មួន ចាន់ហៀកនោះ មានឈ្មោះ ទេស វិបុល ហៅម៉ាប់ មានទីលំនៅក្នុងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ខណៈដែលជួបជុំគ្នាដើម្បីរកដំណោះស្រាយនៅក្នុងសាលាឃុំ ក៏មានការចូលរួមពីលោកមេឃុំព្រែកអំពិល ឈឹម ម៉េង ជំទប់ទី១ ទី២ សមាជិក សមត្ថកិច្ច រួមជាមួយនឹងអ្នកយកព័ត៌មានជាច្រើនរូបផងដែរ ។ ក្រោយពីភាកីនីមួយៗលើកឡើងបង្ហាញអំពីឯកសារដើម្បីជាភស្តុតាងសម្រាប់បញ្ជាក់ថា តើមួយណាជាអ្នកខុស មួយណាជាអ្នកត្រូវ ផ្ទុយទៅវិញភាគីម្ចាស់ដីស្របច្បាប់ឈ្មោះ មួន ចាន់ហៀកបានលើកឯកសារបង្ហាញប្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រីឯភាគីម្ខាងទៀតឈ្មោះទេស វិបុល ហៅម៉ាប់ ពុំមានលើកឯកសារអ្វីបង្ហាញក្រៅតែពីនិយាយដីរបស់គាត់រស់នៅតាំងពីជីដូនជីតា តាំងពី១៩៩៤មកម្ល៉េះ តែធាតុពិត ដីទាំងនោះត្រូវបានធម្មជាតិលេបត្របាក់ធ្លាក់ចូលទន្លេអស់ទៅហើយ បែរជាមកសាងសង់រោងខាងក្រោយដីរបស់គេទៅវិញ ។
ជាមួយនឹងការហៅមកដោះស្រាយរវាងភាគីទាំងពីរ អាជ្ញាធរឃុំបានបញ្ជាក់ថា ពេលនេះ អាជ្ញាធរមិនមែនជាតុលាការនោះទេ ហើយក៏មិនអាចកាត់រឿងនេះឲ្យទៅភាគីណាមួយជាអ្នកឈ្នះឡើយ តែក្នុងនាមជាអាជ្ញាធរ មានតែភាពសម្រុះសម្រួល ការយោគយល់គ្នាដើម្បីបញ្ចប់រឿងកុំឲ្យមានវិវាទបន្តទៅមុខទៀត ហើយឈរនៅលើភាពឈ្នះឈ្នះទាំងអស់គ្នា ។
ក្រោយពីបានជជែកវែកញែកអស់រយៈពេលជិត២ម៉ោងកន្លងមក ហាក់បីដូចជាមិនត្រូវគ្នារវាងភាគីទាំងពីរ ធ្វើឲ្យភាគីខាងទេពវិបុល ហៅម៉ាប់ មានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងអង្គប្រជុំ មុខអាជ្ញាធរឃុំ ហាក់បីដូចជាដឹងថា ខ្លួនមានកំហុស តែផ្ទុយទៅវិញ ទេស វិបុល នៅតែទុកខ្លួនឯងជាអ្នកខ្លាំងនៅក្នុងភូមិក្របៅ៣ ឃុំព្រែកអំពិល ដដែល ។
ដោយមើលឃើញភាពមិនប្រក្រតីបែបនេះ គណៈកម្មការសាលាឃុំក៏បានសម្រេចបញ្ចប់ការប្រជុំដោយលើកទៅពេលក្រោយ ៕ អរុណរះ