ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់ពីរនាក់ឪពុកកូនរងរបួសសន្លប់មិនដឹងខ្លួន ខណៈភ្លៀងលាយឡំខ្យល់កន្ទ្រាក់ ផ្គររន្ទះក្ឌុងក្ឌាំង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្ត្រាក់នឹងផ្លេកបន្ទោ ធ្វើឲ្យរបើកដំបូលផ្ទះ ហើយក៏មានរន្ទះបាញ់ ត្រូវឳឪពុក​ និង​កូនបណ្តាលឱ្យ​រងរបួស​ធ្ងុន់ បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៤និង៤៥នាទី ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅ​ចំណុចផ្ទះជនរងគ្រោះ ម្តុំជិតផ្លូវបំបែក​ចូលឃុំអូរ​ស្វាយ ខាងក្រោយ​សាលារៀន​រិទ្ធី​​សែន​ជ័យ២ ភូមិ​កំផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

តាមការឲ្យដឹង ពីស្មៀន​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​ឱ្យដឹងថា នៅយប់​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ថា ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ វ៉ាន់​ថា អាយុ៤៧ឆ្នាំ ជា​កសិករ កូន​ឈ្មោះ ថា គីស អាយុ១៤ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​កំផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង បច្ចុប្បន្នត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

មុនពេលកើត​ហេតុ មេឃធ្លាក់ភ្លៀងហើយមានខ្យល់ បានធ្វើឲ្យរបើកដំបូលផ្ទះ ឃើញដូច្នោះជនរងគ្រោះ​ទាំង២ នាក់ ឪ​ពុក​និង​កូន ក៏​កាន់​ស័ង្កសី​ដើម្បី​ប្រក់ផ្ទះ​ឡើងវិញ។ មួយរំពិចនោះ ស្រាប់តែ​ផ្លេកបន្ទោភ្លែតៗ រន្ទះបាញ់​តែម្តង ធ្វើឲ្យអ្នកទាំងពីរដួលសន្លប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង២នាក់ ក្រោយពេលកើតហេតុ ភ្លាមៗត្រូវបានក្រុមគ្រួសារនាំមកមន្ទីរពេទ្យបង្អែក​ខេត្តដើម្បីសង្គ្រោះបន្ទាន់ និងបានដឹងខ្លួនវិញហើយ ៕ មាស សុផាត


ចែករំលែក៖