ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបកំពូលឧបទ្វីបកូរ៉េ៖ សារសន្តិភាព ជាកាដូសម្រាប់ពិភពលោក

ចែករំលែក៖

ជំហានប្រវត្តិសាស្ត្របានដើរឆ្លងកាត់ បន្ទាត់បែងចែកព្រំដែនប្រទេសកូរ៉េទាំងពីរ ។ ការចាប់ដៃយ៉ាងកក់ក្តៅ និងស្នាមញញឹម ស្និទ្ធស្នាល បានផ្តល់ក្តីសង្ឃឹមថាឧបទ្វីប កូរ៉េ នឹងឈានទៅរកទំព័រប្រវត្តិសាស្ត្រថ្មី នៃសន្តិភាព ។

ទាំងនោះគឺជាការយល់ឃើញដំបូង ក្នុងពេលដែលពិភពលោក បានតាមដាន នូវជំនួបពិភាក្សាជាប្រវត្តិសាស្ត្រ រវាង លោកគីម ជុងអ៊ុន និងលោកមូន ជេអុីន ស្ថិតនៅភូមិ Panmunjom ព្រំដែនប្រទេស ទាំងពីរ។

សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានផ្សាយ បទវិភាគមួយថា នេះជាពេលវេលាដ៏រន្ធត់បំផុតចំពោះមនុស្សគ្រប់រូប ពិសេសគឺពល រដ្ឋកូរ៉េទាំងពីរ។ ប្រធានាធិបតីកូរ៉េខាង ត្បូងបានទៅទទួល លោកគីម ជុងអ៊ុន ដោយខ្លួនឯង ។ គីម ជុងអ៊ុន ក្លាយជាមេ ដឹកនាំទីមួយរបស់កូរ៉េខាងជើង នៅក្នុង ប្រវត្តិសាស្ត្រ ដែលបានធ្វើដំណើរឆ្លងកាត់ព្រំដែនប្រទេសទាំងពីរចូលទៅកាន់ទឹកដីកូរ៉េខាងត្បូង ។ នៅក្នុងសកម្មភាពដ៏ភ្ញាក់ ផ្អើលមួយ មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន បានអញ្ជើញ លោកមូន ជេអីុន ធ្វើដំណើរ ឆ្លងកាត់ព្រំដែន ចូលទៅកាន់ទឹក ដីកូរ៉េខាងជើងវិញ ដែលជាសារមួយដ៏ សំខាន់បង្ហាញពី ភាពស្និទ្ធស្នាល ពីការចង់ បានសន្តិភាព ។ បន្ទាប់មកមេដឹកនាំទាំងពីរក៏កាន់ដៃគ្នា ដើរមកទីកន្លែង ដើម្បីពិភាក្សា។

ក្រោយពិធីស្វាគមន៍ នៅវេលាម៉ោង១០ និង ៣០នាទី ថ្ងៃទី២៧ ខែមេសា មេដឹកនាំប្រទេសទាំង២ចាប់ផ្តើមពិភាក្សាគ្នាជា ប្រវត្តិសាស្ត្រ ។ មានប្រសាសន៍នៅក្នុង ជំនួបនោះ លោកមូន ជេអុីនបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់លោកគីម ជុងអ៊ុន មកកាន់កូរ៉េខាងត្បូង បានធ្វើឲ្យភូមិ Panmunjom ក្លាយជាតំណាង នៃសន្តិភាពមិនមែនជាការបែងចែកនោះឡើយ ។ ចំណែក មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនវិញ បានសរសេរនៅលើសៀវភៅកំណត់ ហេតុថា «ទំព័រប្រវត្តិសាស្ត្រថ្មីបានចាប់ ផ្តើមពីពេលនេះ ពីការចាប់ផ្តើមនៃប្រវត្តិ សាស្ត្រ និង រដ្ឋកាលសន្តិភាព»។

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើង ថា ជាមួយនឹង ភាពជោគជ័យ នៃជំនួបនា ពេលកន្លងមកនេះ និង បន្តសកម្មភាពនៃ កិច្ចពិភាក្សាជាន់ខ្ពស់ ជាបន្តទៀតដើម្បី ឈានដល់ ចំណុចចុងក្រោយ គឺសន្ធិ សញ្ញាសន្តិភាព ជំនួសនូវកិច្ចព្រមព្រៀង ឈប់បាញ់កាលពីឆ្នាំ១៩៥៣ និងឆ្ពោះទៅរកការលុបបំបាត់កម្មវិធីបរមាណូ។

នៅពេលបញ្ចប់កិច្ចប្រជុំ ពិភាក្សាមេដឹកនាំប្រទេសទាំងពីរបាន ចុះហត្ថលេខាលើ សេចក្តីប្រកាសរួម ក្នុងនោះ បានសន្យាផ្អាករាល់សកម្មភាពប្រឆាំងគ្នា និងបញ្ចប់សង្គ្រាមនៅក្នុងឆ្នាំនេះ។ ភាគីទាំងពីរ ក៏បានអនុ ញ្ញាតឲ្យគ្រួសារបែកបាក់ដោយសារសង្គ្រាម ឧបទ្វីបបានជួបគ្នា ។ ក្រៅពីនេះនិងជំរុញឲ្យមានកិច្ចពិភាក្សាត្រីភាគី ជាមួយប្រទេស ផ្សេងៗទៀត ដូចជាមួយអាមេរិកជាដើម។

សរុបអត្ថន័យសំខាន់ៗនៅក្នុង «សេចក្តីថ្លែងការណ៍រួមកូរ៉េទាំងពីរ» ក្រោយជំនួបផ្លូវការជាប្រវត្តិសាស្ត្ររវាង លោកគីម ជុង អ៊ុន និងលោក មូន ជែអុីន

(សេអ៊ូល)៖ ប្រវត្តិសាស្ត្រថ្មី គួរជាទីអបអរសាទរពីគ្រប់មជ្ឈដ្ឋានទូទាំងសាកលលោកនោះ ត្រូវបានលេចចេញជារូបរាង ហើយ នៅពេញមួយថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ នេះតែម្តង ដោយកូរ៉េទាំងពីរបានបញ្ចប់ជំនួបជាផ្លូវការចំនួនពីរជុំសំខាន់ៗ ហើយបានចេញសេចក្តីថ្លែង ការណ៍រួម ដែលត្រូវបានដកស្រង់ចំណុចសំខាន់ៗដូចខាងក្រោម៖

-កូរ៉េខាងត្បូង និងកូរ៉េខាងជើងបាន ប្រកាសថា ពួកគេនឹងធ្វើការងាររួមគ្នាដើម្បីសម្រេចឱ្យបាននូវការលុបបំបាត់អាវុធ នុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ។

– ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឯកភាពបញ្ចប់រាល់សកម្មភាពអរិភាពរវាងប្រទេសទាំងពីរ ជាផ្នែក មួយនៃកិច្ចខិតខំប្រឹងប្រែង បិទបញ្ចប់ជាផ្លូវការនូវសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) និងស្វែងរកសន្ធិសញ្ញាសន្តិភាពអចិន្ត្រៃយ៍សម្រាប់ឧបទ្វីបកូរ៉េ។

– លោក មូនជេអុីន និងលោក គីម ជុងអ៊ុន ក៏បានសន្យាថា នឹងជំរុញឱ្យមាន កិច្ចចរចាត្រីភាគីដោយមានការចូលរួមពីសហរដ្ឋអាមេរិក ឬក៏កិច្ច ចរចាចតុភាគី ដោយមានការចូលរួមពីចិន ដើម្បីស្វែងរក ការបិទបញ្ចប់ជម្លោះ និងជំនួសបទឈប់ បាញ់ ដោយសន្ធិសញ្ញាសន្តិភាពជាអចិន្ត្រៃយ៍ ឲ្យបាននៅក្នុងឆ្នាំ២០១៨នេះ។

– លោក មូន ជេអុីន ប្រធានាធិបតីកូរ៉េ ខាងត្បូង ក៏បានយល់ព្រមបំពេញដំណើរ ទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាងផង ដែរ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី២ ជាមួយលោក គីម ជុងអ៊ុន ម្ដង ទៀត។

– សេចក្ដីថ្លែងការណ៍បានបញ្ជាក់ទៀតថា ភាគីទាំងពីរបានឯកភាពគ្នាថា នឹង ដំណើរការការរៀបចំពិធីជួបគ្រួសារ កូរ៉េ នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ នាឱកាសថ្ងៃរំដោះកូរ៉េពីនឹមត្រួតត្រារបស់ជប៉ុន (ពី ឆ្នាំ១៩១០-១៩៤៥)។

– កូរ៉េទាំងពីរព្រមព្រៀងបង្កើតការិយាល័យទំនាក់ទំនងរួមមួយ នៅក្នុងសួន ឧស្សាហកម្មរួមគ្នាកែសុង (Kaesong) ដើម្បីធានាឱ្យបាននូវការផ្លាស់ប្ដូរវិស័យ ឯកជន និង កិច្ចសហប្រតិបត្តិការទៅវិញ ទៅមក។

– អនុវត្តន៍ជំហានជាក់ស្ដែងលើការប្រើប្រាស់ផ្លូវដែក ដុងហេ (Donghae) និង គ្យឿងគុយ (Gyeongui) រួមទាំងផ្លូវដទៃ ទៀតដោយការតភ្ជាប់ និងធ្វើទំនើបកម្ម។

– បញ្ឈប់រាល់សកម្មភាពអរិភាពទាំងនៅលើដីសមុទ្រ និងអាកាសប្រឆាំងគ្នាទៅ វិញទៅមក ក៏ដូចជាធ្វើការងាររួមគ្នាផងដែរប្រែក្លាយ តំបន់ព្រំដែនគ្មានយោធារវាង ប្រទេសទាំងពីរ (DMZ) ក្លាយទៅជាតំបន់ សន្តិភាព។

– ធ្វើឱ្យភាគខាងលិច នៃតំបន់កំណត់ខ្សែបន្ទាត់ដែនសមុទ្រខាងជើង (western of Northern Limit Line) ក្លាយជាសមុទ្រនៃសន្តិភាពសំដៅទប់ស្កាត់រាល់ឧប្បត្តិហេតុយោធា និងចាត់វិធានការក្នុងពេលបច្ចុប្បន្ន ដើម្បីធានាសុវត្ថិភាពសម្រាប់សកម្មភាពនេសាទ។

– រៀបចំជំនួបយោធារវាងភាគីទាំងពីរ ឱ្យបានទៀងទាត់ ក្នុងនោះរួមមានជំនួបថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងថ្នាក់ឧត្ដមសេនីយ៍នៅក្នុងខែឧសភា។

– អះអាងឡើងវិញពីការមិនរំលោភ បំពានលើកិច្ចព្រមព្រៀង និងធ្វើការងាររួមគ្នាតាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងធ្វើការងាររួមគ្នា។

– សម្រេចឱ្យបាននូវការកាត់បន្ថយអាវុធ ឱ្យស្របទៅតាមការកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តគ្នា។

– ព្រមព្រៀងជំរុញឱ្យមានកិច្ចចរចាត្រីភាគី ដោយមានការចូលរួមពីសហរដ្ឋអាមេ រិក និងកូរ៉េទាំងពីរ ព្រមទាំងកិច្ចចរចាពហុភាគីដោយមានការចូលរួមពីកូរ៉េទាំងពីរ ចិន និងសហរដ្ឋអាមេរិក ដើម្បីស្វែងរកការបិទបញ្ចប់ជាផ្លូវការសង្រ្គាមកូរ៉េ និងជំនួសបទឈប់បាញ់ទៅជាសន្ធិសញ្ញាសន្តិភាពជាអចិន្ត្រៃយ៍ ឲ្យបាននៅក្នុងឆ្នាំ២០១៨នេះតែម្តង។

– អះអាងឡើងវិញពីការចែករំលែកវត្ថុបំណង សម្រេចឱ្យបានការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។

ដោយឡែកខាងក្រោមនេះវិញ គឺជាការព្រមព្រៀងគ្នារវាងមេដឹកនាំកូរ៉េទាំងពីរ (ព្រមព្រៀងផ្ទាល់មាត់) ដែលស្ថិតនៅផ្នែកមួយទៀតនៃសេចក្តីថ្លែងការណ៍រួម៖

– បង្កើតកិច្ចពិភាក្សាគ្នាជាទៀងទាត់ ពាក់ព័ន្ធនឹងបញ្ហាប្រជាជនកូរ៉េ និងការពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក តាមរយៈការ រៀបចំកិច្ចប្រជុំ ឬកិច្ចពិភាក្សាតាមទូរស័ព្ទ ឱ្យបានទៀងទាត់។

– បង្កើតកិច្ចខិតខំប្រឹងប្រែងរួមបន្ថែម ឆ្ពោះទៅរកការអភិវឌ្ឍនៃទំនាក់ទំនងអន្តរកូរ៉េ សន្តិភាព និងវិបុលភាពនៅលើឧបទ្វីប កូរ៉េ និងការរួបរួមគ្នា។

– ជួយសម្រួលប្រធានាធិបតីលោក មូន ជេអុីន ទៅបំពេញដំណើរទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០១៨នេះ៕ ម៉ែវ សាធី

 

 

 


ចែករំលែក៖