ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​ខេត្ត​បាត់ដំបង​សហការជាមួយ​អាវុធហត្ថរាជធានីភ្នំពេញ​ ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ចេញ​សែក​គ្មានសាច់ប្រាក់ជាង១៤ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖ សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បាត់ដំបង​សហការ​ជាមួយ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨​ ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ពី​បទ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​១៤ម៉ឺន​ដុល្លារ​អាមេរិក​ នៅ​ចំណុច​បុរី​វិមាន​ភ្នំពេញ​ ខណ្ឌ​សែនសុខ​ ។

សមត្ថកិច្ច​ បង្ហើប​ឱ្យ​ដឹង​ថា​ ស្ត្រី​រូប​នេះ​ឈ្មោះ​ យុត​ ស្រីវន​ អាយុ៤២ឆ្នាំ​ មានទីលំនៅផ្ទះលេខ៧០​ ក្រុមទី៥​ សង្កាត់ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ។

ការចាប់ខ្លួនស្ត្រីរូបនេះ​ គឺ​ ធ្វើ​តាម​ដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក​ ញូង​ ចន្ធី​ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង​ ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ”ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់”ប្រព្រឹត្តនៅខេត្តបាត់ដំបង​ កាលពីថ្ងៃទី១៩​ ខែកុម្ភះ​ ឆ្នាំ២០១៦​ តាមមាត្រា២៣១​ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សាច់ប្រាក់។

ការ​ចាប់​ខ្លួន​ស្ត្រី​រូបនេះ​ គឺ​ ដោយសារ​ជនត្រូវចោទតែងតែគេចវេះ​ មិនចូលបង្ហាញខ្លួនតាមដីការបស់តុលាការជាច្រើនលើក​ ។

បច្ចុប្បន្ន​ ស្ត្រីរូបនេះត្រូវបានបញ្ជូនទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​ ។ នៅ​ដំណាក់កាល​នេះ​ ចៅក្រម​ស៊ើបសួរ​ នឹង​សម្រេច​ឃុំ​ខ្លួន​ឬ​មិន​ឃុំ​ខ្លួន​ជនត្រូវចោទ​ ៕ ចេស្តា


ចែករំលែក៖