ខេត្តត្បូងឃ្មុំ ៖ សាកសពជានារីខ្មែរអ៊ិស្លាមម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងចម្ការពោតមួយកន្លែងតាមមាត់ទន្លេមេគង្គ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃ អង្គារ ២ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ត្រូវនឹងថ្ងៃទី១ ឧសភា ឆ្នាំ២០១៨ ហើយត្រូវបានគេសង្ស័យថា អាចជាករណីចាប់ រំលោភហើយសម្លាប់បំបិទមាត់ ។
បន្ទាប់ពីមានករណីឃាតកម្មរំលោភហើយសម្លាប់នេះភ្លាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តបានបញ្ជាឱ្យនគរបាលបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត សហការជាមួយកម្លាំងមូលដ្ឋានចុះស្រាវជ្រាវជាបន្ទាន់ រហូតឃាត់ខ្លួនបានជនសង្ស័យ២នាក់ជាបន្តបន្ទាប់គ្នា ហើយពេលនេះកំពុងធ្វើការសាកសួរ។
ទាក់ទិនករណីខាងលើនេះដែរ បងប្រុសរបស់សពនារីរងគ្រោះដែលមានអាយុ២៤ឆ្នាំបានប្រាប់សមត្ថកិច្ចទាំងស្រក់ទឹកភ្នែកថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី៣០ មេសា ប្អូនស្រីខ្លួន (នារីរងគ្រោះ) ប្រាប់គាត់ថា ចេញទៅស៊ីឈ្មួលអូសមងឱ្យគេ ព្រោះម្តាយបានចេញទៅស៊ីឈ្មួលធ្វើចម្ការឱ្យគេនៅខេត្តស្ទឹងត្រែង បាត់ទៅ ហើយ ខណៈឪពុកទៅរកស៊ីនៅប៉ោយប៉ែត បាត់ដែរ ។
បងប្រុសរបស់សពបានបន្តថា ស្រាប់តែនៅវេលាម៉ោង៦ព្រឹកថ្ងៃទី០១ ឧសភា បែរជាមានអ្នកភូមិម្នាក់ដែលស្គាល់គាត់ បានរត់មកប្រាប់ថា «ប្អូនស្រីត្រូវបានគេសម្លាប់នៅក្នុងចំការពោត» ។ ពេលនោះ គាត់ក៏ប្រញាប់រត់ទៅមើលក៏ឃើញប្អូនស្រីខ្លួន ត្រូវបានគេសម្លាប់មែន ក៏ប្រញាប់ប្រញាល់រាយការណ៍ប្រាប់សមត្ថកិចនគរបាលមូលដ្ឋាន តែសពមិនត្រូវបានអាជ្ញាធរ ឱ្យសែងយកមកផ្ទះទេ ដោយរង់ចាំគេកោសល្យវិច័យសព រួចរាល់ទើបយកទៅធ្វើបុណ្យបាន ។
កម្លាំងជំនាញធ្វើកោសល្យវិច័យមិនបានធ្វើអត្ថាធិប្បាយក្នុងរឿងនេះទេ គ្រាន់តែលួចបង្ហើបឲ្យដឹងថា នារីរងគ្រោះអាច ស្លាប់ដោយជនមិនស្គាល់មុខចាប់រំលោភ រួចកាច់បំបាក់ក ដើម្បីបំបិទដាន ៕ សហការី