ព័ត៌មានទាន់ហេតុការណ៍៖

ទៅទារលុយថ្លៃជំពាក់ថ្នាំញៀន អ្នកទិញខឹងកាប់ក្បាលច្រើនកាំបិតរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាអ្នកលក់ថ្នាំញៀនម្នាក់រងរបួសជាច្រើនកាំបិតបន្ទាប់ពីជនដៃដល់ខឹងទៅទារលុយថ្លៃថ្នាំញៀនមិនបាន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃ អង្គារ ២ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈឹម វីរៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករកាត់ដេរ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ មិត្តភក្ដិម្នាក់នៅក្បែរឈ្មោះ ឆុល ពៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងភ្លើង ទើបមកពីស្រុកកំណើតជាអ្នកជួលបន្ទប់កើតហេតុខាងលើ មានស្រុកកំណើតនៅភូមិសំបួរ ឃុំសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ជាអ្នកលក់ថ្នាំញៀនឲ្យគេយកចំណេញក្បាលកាក់ ចំណែកជនដៃដល់ជាអ្នកទិញថ្នាំញៀន បានទិញថ្នាំញៀនជនរងគ្រោះជាច្រើនដងរហូតជំពាក់លុយជាង១០ម៉ឺនរៀលមិនព្រមសង។ លុះមុនពេលកើតហេតុ ជនរងគ្រោះបានទៅទារលុយពីជនសង្ស័យនៅផ្ទះជួលជិតកន្លែងកើតហេតុ តែជនដៃដល់មិនមានលុយឲ្យធ្វើឲ្យមានការឈ្លោះប្រកែកគ្នា ។ រហូតដល់ម៉ោង៤ល្ងាច ជនដៃដល់ខឹងជនរងគ្រោះទៅទារលុយបាននាំបក្ខពួកម្នាក់ទៀតមកជាមួយរួចគំរាមថា «ចាំមើលអ្ហែង! អញនឹងមកកាប់ឯងយប់នឹង» ។ លុះនៅវេលាម៉ោងកើតហេតុ ជនរងគ្រោះកំពុងតែដេក ជនបង្កបានទៅគោះទ្វារបន្ទប់ជនរងគ្រោះឲ្យ បើកទ្វាររួចជនដៃដល់យកកាំបិតកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត ហើយត្រូវក្រុមគ្រួសារដឹកទៅកាន់មន្ទីពេទ្យភ្លាមៗ។រីឯ ជនដៃដល់ និងបក្ខពួកនាំគ្នាគេចខ្លួនបាត់អស់ ៕ សហការី


ចែករំលែក៖