ព័ត៌មានទាន់ហេតុការណ៍៖

ភាពមិនប្រក្រតីជុំវិញពលរដ្នរិះគន់អាជ្ញាធរស្រុកអង្គរធំបើកដៃឲ្យឈ្មួញឈូសឆាយដីព្រៃជិត២០០០ហិកតាយកធ្វើកម្មសិទ្ធិឯកជន

ចែករំលែក៖

ខេត្តសៀមរាប៖ ពលរដ្ឋបានរិះគន់អាជ្ញាធរស្រុកអង្គរធំ បើកភ្លើងខៀវឲ្យឈ្មួញ ដាក់គ្រឿងចក្រ ឈូសឆាយ ភ្ជួរ ដីព្រៃរបស់រដ្ឋ ជិត២.០០០ហិកតា ក្នុងចំណោមជាង៥.០០០ហិកតា រំលោភយកមកកាន់កាប់ជាកម្មសិទ្ធិខ្លួនឯង ដោយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ឆ្លើយថា មិនដឹងមិនលឺ នោះឡើយ ដែលមានទីតាំងស្ថិតក្រោមរង្វង់ដីការក្សាការពារ ស្ថិតនៅរ៉បតាមក្បែរជើងភ្នំ ចំនួន៦ នៃស្រុកអង្គរធំ ខេត្តសៀមរាប ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្នបានឲ្យដឹងថា ដីស្ថិតនៅរ៉បជើងភ្នំចំនួន៦រួមមាន ភ្នំទូទស្សន៍, ភ្នំចំការ, ភ្នំស្លឹក, ភ្នំអំពិល, ភ្នំចង្ក្រានរយ និងភ្នំជ័រ ស្ថិតក្នុងភូមិសាស្ត្រឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។ ដីព្រៃក្នុងភូមិសាស្ត្រខាងលើនេះ ត្រូវបានដកហូតយកមករក្សាការពារជាសម្បត្តិរដ្ឋចំនួន៥.១០៦ហិកតា ក្នុងចំណោមដី៥.១១១ហិកតា ដែលហ៊ុំព័ទ្ធកាន់កាប់ដោយខុសច្បាប់ តាមរយៈដីកាលេខ១១៤ សស ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០០៦ ចុះហត្ថលេខាដោយលោកស៊ូ ភិរិន្ទ អតីតអភិបាលខេត្តសៀមរាប ។

ក្រុមអ្នកភូមិបានអះអាងថា បុគ្គលដែលកំពុងរំលោភកាន់កាប់ដីខាងលើនេះ មានឈ្មោះ យឹម សារិន ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ ជាអ្នកមាន រស់នៅក្នុងក្រុងសៀមរាប បុគ្គលនេះបានឈូសឆាយយកដីព្រៃរបស់រដ្ឋ មកកាន់កាប់ ចាប់ពីចំណុចផ្នែកខាងលិចភ្នំចំការ និងរ៉បជើងភ្នំ៥ទៀត រហូតដល់ចន្លោះភ្នំជ័រ ដែលគេប៉ាន់ស្មានថា អាចជាង១៧០០ហិកតា ។

បុគ្គលជាឈ្មួញម្នាក់នេះ បានឈូសឆាយ ដីព្រៃ បន្ថែមទៀត នៅចន្លោះភ្នំចំការ រហូតដល់ភ្នំអំពិល ដែលត្រូវប្រើមនុស្ស ឲ្យមកកាន់កាប់ជាអ្នកគ្រប់គ្រង ផ្នែកគ្រឿងចក្រឈូសឆាយ មាន ចំនួន៤នាក់ ទី១ ឈ្មោះ ដួង ឌឹម ទី២ ឈ្មោះ អឿន សឿត ទី៣ ឈ្មោះ ខុន ស្តើង និងទី៤ ឈ្មោះ សូ លួង ជាអ្នកមើលការខុសត្រូវ មិនឲ្យអ្នកណាម្នាក់ចូលមកទេ ។

ចំណែកចន្លោះភ្នំចង្ក្រានរយ និងភ្នំជ័រ មាន២នាក់ ជាអ្នកកាន់កាប់គ្រឿងចក្រឈូសឆាយ ៖ ទី១ ឈ្មោះ សោម សុវណ្ណ និង ទី២ ឈ្មោះ ឆាត ។

ប្រភពបន្តថា ដីខាងលើបន្ទាប់ពីពួកគេឈូសឆាយព្រៃ រួចហើយ បើពួកគេលក់ចេញទៅវិញតាមចំណង់ចិត្ត ដែលអ្នកទិញរត់លិខិតផ្ទេរសិទ្ធិត្រឹម ភូមិ និង ឃុំ គឺពួកគេ លក់ក្នុង១ហិចតា ២.០០០ដុល្លារ ។ តែបើលិខិតនោះផ្ទេរសិទ្ធិដល់ស្រុក គឺ តម្លៃ២.៨០០ដុល្លារក្នុង១ហិកតា ។

ជុំវិញករណីខាងលើនេះ លោក យឹម សារិន គឺ ជាមេឈ្មួញបានប្រាប់ថា លោកទទួលស្គាល់ថា ដីខាងលើនេះ ស្ថិតក្រោមរង្វង់ដីកាដកហូតរបស់រដ្ឋពិតមែន ។ ប៉ុន្តែលោក ទើបតែកាន់កាប់បានដីជាង៦៨០ហិកតាប៉ុណ្ណោះ បើថាជាង១៧០០ហិកតា ដូចប្រជាពលរដ្ឋនិយាយប្រាប់នោះ គឺវាមិនពិតនោះទេ ចំណែកគ្រឿងចក្រ ដែលចូលទៅភ្ជួរនោះ ក៏មិនបានឈូសព្រៃដែរ ម្យ៉ាងទៀត រឿងថា រូបលោក លក់ដីឲ្យអ្នកផ្សេង១ហិកតា២.០០០ដុល្លារ រត់សំបុត្រត្រឹម ភូមិ ឃុំ ហើយ ១ហិកតា២.៨០០សំបុត្រដល់ស្រុក នោះគឺមិនពិតទេ ព្រោះតម្លៃមិនអាចកំណត់បានទេ ។

ចំពោះ លោក ម៉ុង ប៊ុនលីម នាយ ខណ្ឌរដ្ឋបាល ព្រៃឈើខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទថា ករណីនេះ លោកនៅមិនទាន់ដឹងទេ លោកនឹងឲ្យមន្ត្រីចុះទៅមើលសិន លោកបន្តថា ដីទាំងនោះគឺពិតជានៅក្រោមរង្វង់ដីកាដកហូត ទុកជាសម្បត្តិរដ្ឋប្រាកដណាស់ ។ តែលោកក៏នៅមិនទាន់ បញ្ជាក់អំពីចំណាត់ការនៅឡើយទេ ដោយប្រាប់ថា លោករវល់ ។

រីឯលោកឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ ក៏បានថ្លែងប្រាប់តាមទូរស័ព្ទថា ដីនោះពិតជាមានដីការដកហូតមែន តែរឿងនឹងលោកបានឲ្យខាងឃុំ ចុះទៅមើលហើយ អញ្ចឹងបើអ្នកភូមិ រូបណា មានការប៉ះពាល់សូមទៅជួបខាងឃុំទៅ ។

តែបើយោងតាមការអះអាង របស់ឈ្មោះ យឹម សារិន ដែលជា ឈ្មួញធំ ហ៊ានឈូសឆាយដីព្រៃនោះ រូបគេបានប្រាប់ថា បានកាន់កាប់ដីរបស់រដ្ឋជាង៦៨០ហិកតា ហើយពេលនេះអាជ្ញាធរ និងស្ថាប័នជំនាញ សុទ្ធតែឆ្លើយថា មិនដឹង បែបនេះ គឺវាហាក់ដូចជាមានអាថ៌កំបាំង ដ៏សែនជ្រៅសម្រាប់គាត់ ។

គួរបញ្ជាក់ថា ប្រសិនបើឈ្មួញលក់ ដីព្រៃ ក្នុង ១ហិកតា គេលក់បានតម្លៃជាង២.០០០ដុល្លារ ចុះ ជាង៦៨០ហិកតា តើគេលក់បានប៉ុន្មាន ដូច្នេះវាមិនតិចលានដុល្លារនោះដែរ ៕ ប៊ុនរិទ្ធី


ចែករំលែក៖