ព័ត៌មានទាន់ហេតុការណ៍៖

ផ្នែករដ្ឋបាលព្រៃឈើមិត្តភាពសហការជាមួយមន្ត្រីអន្តរវិស័យនៃរដ្ឋបាលសាលាខេត្តព្រះសីហនុចុះធ្វើកំណត់ហេតុបញ្ឈប់សកម្មភាពគ្រឿងចក្រកាយយកដីខុសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឡាង សុគុន នាយផ្នែករដ្ឋបាលព្រៃឈើមិត្តភាពសហការជាមួយមន្ត្រីការិយាល័យអន្តរវិស័យ នៃរដ្ឋបាលសាលាខេត្តព្រះសីហនុ ទទួលកិច្ចការត្រួតពិនិត្យការចូលទន្ទ្រានកាន់កាប់ ឆ្ការឈូសឆាយដីព្រៃខុសច្បាប់ នៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់.ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ កន្លងមក បានចុះធ្វើកំណត់ហេតុបញ្ឈប់សកម្មភាពគ្រឿងចក្រ ដែលកំពុងតែកាយយកដីខុសច្បាប់នៅក្នុងដែនគម្របព្រៃឈើដឹកយកទៅលក់ជាច្រើនថ្ងៃកន្លងមកហើយ ។

នៅក្នុងកំណត់ហេតុបញ្ឈប់សកម្មភាពខាងលើបានឲ្យដឹងថា ម្ចាស់គ្រឿងចក្រឈ្មោះជា សាម៉ន ដែលបានអះអាងថារូបលោកជាជំនួយការនៅក្រសួងព័ត៏មាន មានទីលំនៅរាជធានីភ្នំពេញ មានរថយន្តខ្នាតបែនធុនធំ១២គ្រឿង និងអេស្ការវ៉ាទ័រចំនួន០៤គ្រឿងយកមកម៉ៅការកាយដី នៅចំណុចភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឲ្យឈ្មោះញ៉ក់ គឹមតុង និងឈ្មោះជាម ជន់ មានទីលំនៅក្នុងខេត្តព្រះសីហនុដើម្បីយកទៅលក់ ។

នៅក្នុងកំណត់ហេតុក្រុមការងារខាងលើបានបញ្ឈប់សកម្មភាពកាយដីភ្លាមៗ និងកំណត់ពេលទុកឲ្យម្ចាស់គ្រឿងចក្រ ដែលមានឈ្មោះខាងលើក្នុងរយ:ពេល០២ថ្ងៃត្រូវយកគ្រឿងចក្រ ដែលមានចំនួនខាងលើយកចេញឲ្យផុតពីការដ្ឋាន បើមិនដូច្នេះទេក្រុមការងារ និងចុះមកដកហូតយករថយន្ត គ្រឿងចក្រ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តនិតិវិធីច្បាប់បន្ត ។

ប្រជាពលរដ្ឋ ដែលមានដីចំការក្បែរការដ្ឋានខាងលើក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់ឲ្យដឹងថាសកម្មភាពក្រ្មមការងារ ដែលចុះទៅធ្វើកំណត់ហេតុបញ្ឈប់សកម្មភាពគ្រឿងចក្រកាយដីនៅការរដ្ឋានខាងលើនោះមិនមានប្រសិទ្ធភាពទេ ដោយហេតុថាម្ចាស់គ្រឿងចក្រគ្រាន់តែឈប់កាយដីបានមួយដង្ហើមចង្រិតតែប៉ុណ្ណោះ ពេលក្រុមការងារវិលត្រឡប់មកវិញ ម្ចាស់គ្រឿងចក្រ ក៏បន្តការកាយដីដឹកជញ្ជូនចេញយ៉ាងសកម្ម ក្រោយពេល ដែលបានធ្វើកំណត់ហេតុបញ្ឈប់ជាមួយក្រុមការងារ ដែលដឹកនាំដោយលោកឡាង សុគុន នាយផ្នែករដ្ឋបាលព្រៃឈើមិត្តភាព ។

ប្រជាពលរដ្ឋដែលបានឃើញសកម្មភាពចចេសរឹងរុះរបស់ម្ចាស់គ្រឿងចក្រដែលបានឃុបឃិតជាមួយឈ្មោះញ៉ក់ គឹមតុង និងជាម ជន់ ដែលអះអាងថា ខ្លួនជាម្ចាស់ដីក្នុងដែនគម្របព្រៃឈើនោះជាការផ្គើនទៅ និងការអនុវត្តច្បាប់របស់មន្ត្រីជំនាញមុខងារសាធារណៈ ក៏ដូចជាការផ្គើនទៅ និងវិធានការណ៍បង្ការ ទុបស្កាត់ការយកគ្រឿងចក្រចូលឈូសឆាយទន្ទ្រានកាន់កាប់ដីគំរបព្រៃឈើរបស់រដ្ឋយកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕ ឆ្លាម សមុទ្រ


ចែករំលែក៖