ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកសុទ្ធបើកបុករថយន្តម៉ាស្តា១គ្រឿងហើយជ្រុលទៅបុកស្លាកសញ្ញាចរាចរ និងបង្គោលភ្លើងបាក់ចំនួន២ដើមបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកទឹកសុទ្ធមួយគ្រឿងសង្ស័យអ្នកបើកខ្វះការប្រុងប្រយ័ត្ន បានបើកទៅបុកនឹងរថយន្តម៉ាស្តាមួយគ្រឿង ដែលបើកឆ្លងផ្លូវហើយ ក៏ជ្រុលល្បឿនទៅបុកស្លាកសញ្ញាចរាចរ និងបង្គោលភ្លើងអស់២ដើមបន្ថែមទៀត ដែលនៅចំណុចផ្លូវកែងបណ្តាលឲ្យបាក់រាបដល់ដីរថយន្តរងការខូចខាតទាំងសងខាង តែមិនមានអ្នករងរបួសទេ ។

គ្រោះថ្នាក់នេះបង្កឲ្យភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៨ និង១០នាទីនៅចំណុចផ្លូវ១៩៨៦កែង និងផ្លូវ១០១១ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ អ្នកបើកបរសងខាងមិនបានប្រាប់ពីអត្តសញ្ញាណឡើយ ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា មុនកើតហេតុឃើញស្ត្រីម្នាក់រួមដំណើរដោយក្មេងប្រុសម្នាក់បើករថយន្ត១គ្រឿងម៉ាក ម៉ាស្តា ពណ៌កន្តុប្រមេះ ពាក់ស្លាកលេខភ្នំពេញ2AC-2097ក្នុងទិសដៅពីលិចទៅកើតតាមផ្លូវ១៩៨៦ពេលមកដល់ផ្លូវកែងចំណុចកើតហេតុអ្នកបើកបរបានបត់ឆ្វេងមកផ្លូវ១០១១ខណះបត់ជិតផុតហើយស្រាប់តែមានរថយន្តដឹកទឹកសុទ្ធ១គ្រឿងប្រភេទរថយន្តកូរ៉េពណ៌ស ពាក់ស្លាកលេខភ្នំពេញ2D.9070ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ហើយជាន់ហ្វ្រាំងមិនទាន់ ក៏រ៉េចង្កូតទៅបុកត្រូវក្បាលរថយន្តម៉ាស្តាហើយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកបង្កោលស្លាកសញ្ញា(ឈប់) និងបង្គោលភ្លើងចំនួន២ដើមទៀតនៅចំណុចផ្លូវកែងបណ្តាលឲ្យបាក់រាបដល់ដីទើបរថយន្តទៅមុខលែងរួច ហើយរថយន្តរងការខូចខាតទាំងសងខាង តែមិនមានអ្នករងរបួស ។

ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចចុះវាស់វែង និងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនូវការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ ៕ តុង សីហា


ចែករំលែក៖