ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះកាប៊ីនកុងទ័រភ្លើងបានមួយដង្ហើមចង្រិត ប្រជាពលរដ្ឋបាញ់ទឹកពន្លត់ទាន់ពេលវេលា

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរឆ្លងកាត់ ចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ជួយបាញ់ពន្លត់ ខណៈដែលឆ្លងចរន្តអគ្គិសនីឆេះហុយផ្សែងប្រអប់កុងទ័រភ្លើង សំណាងពន្លត់ទាន់ពេលមិនរាលដាលដល់អ្នកជិតខាង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងវេលាម៉ោងជាង៩ព្រឹក ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ទល់មុខផ្ទះពិគ្រោះពិនិត្យព្យាបាលជំងឺឯកជន។

បើតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុស្រាប់តែមានព្រៀកផ្កាភ្លើងផ្សែងហុយទ្រលោម ក្នុងកាប៊ីនកុងទ័រភ្លើង នៃបង្គោលទល់មុខផ្ទះពិគ្រោះពិនិត្យព្យាបាលជំងឺឯកជនមួយកន្លែងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិជិតខាងកំពុងលក់ដូរស្រែកឲ្យជួយបាញ់ពន្លត់ខ្លះដងទឹកចាក់ និងមានបំពង់ពន្លត់អគ្គិភ័យក្បែរនោះបាញ់ព្រមទាំងនាំគ្នារត់ប្រញាប់ប្រញាលបិទបារ៉ែត និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ប្រមាណជិតកន្លះម៉ោង ទើបគ្រប់គ្រងស្ថានការណ៍ទាន់ពេលវេលា មិនរាលដាលដល់ផ្ទះអ្នកភូមិ។

ក្រោយមក ក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចំនួនមួយគ្រឿង មកអន្តរាគមន៍ដែរ ប៉ុន្តែភ្លើងបានរលត់ទៅហើយ ដោយបានអ្នកភូមិ និងម្ចាស់ផ្ទះជួយអន្តរាគមន៍ទាន់។

សូមបញ្ជាក់ថា ករណីឆ្លងចរន្តអគ្គិសនីនេះ មិនបណ្ដាលឲ្យមនុស្ស និងទ្រព្យសម្បត្តិរងគ្រោះថ្នាក់ និងខូចខាតធ្ងន់ធ្ងរអ្វីនោះទេ បន្ទាប់ពីមានករណីនេះ ខាងមន្ត្រីអគ្គិសនីសាខាខេត្តមកជុសជុលភ្លាមៗផងដែរ ៕ យឹម សុថាន


ចែករំលែក៖