ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឲ្យខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ: រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបែកជាបួន បណ្តាលឲ្យរថយន្តមួយគឿងវិលមួយជុំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង ១រំលងអធ្រាតឈានចូលថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៤ កែងផ្លូវ៥១ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AN-3312 ក្នុងទិសដៅពីលិចទៅកើតតាមផ្លូវលេខ២១៤ ខណៈមកដល់ចំណុចផ្លូវបែកជាបួនក៏មានរថយន្តហាយឡែនឌ័រ មួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2AC-9910 បើកតាមផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូងឆ្លងផ្លូវ ក៏ត្រូវរថយន្តព្រូសបុកយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តហាយឡែនឌ័រវិលមួយជុំ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ រីឯរថយន្តព្រូសរងការខូចខាតផ្នែកខាងមុខ ស្ទើតែទាំងស្រុង ចំណែករថយន្តហាយឡែនឌ័រវិញ រងការខូចខាតផ្នែកខាងស្តាំ និងខាងក្រោយរថយន្តបែកកង់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់វាស់វែង និងស្ទូចយករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមនិតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖