ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូកាលពីជាងកន្លះខែមុន

ចែករំលែក៖

ភ្នំពេញ: ប្រជាពលរដ្ឋឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង កាលពីជាងកន្លះខែមុន។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង៧ និង៣០នាទី​យប់ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨​ ចំណុចមុខក្លោងទ្វារវត្តញានរង្សី​ ផ្លូវបេតុង​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឫស្សីកែវ​។

សមត្ថកិច្ចបានឲ្យដឹងថា សង្ស័យឈ្មោះ​ ភក្រ្ត័​ សោភា​ អាយុ១៩ឆ្នាំ ​ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ ជិះម៉ូតូម៉ាកយ៉ាម៉ាហាហ្វីណូ ពណ៌ខ្មៅអត់ស្លាកលេខ។ ចំណែកជនរងគ្រោះឈ្មោះ​ សោម​ ផានិត​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មុខរបរកម្មករស្នាក់នៅ​ ផ្ទះលេខ៤៣៣​ ផ្លូវលំ​ ក្រុមទី៤ភូមិទួលសំពៅ​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឫស្សីកែវ​ ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់នោះ ម៉ាកហុងដាឌ្រីម​ សេ១២៥ ស៊េរីឆ្នាំ២០០៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកណ្តាល1D-6226។

ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រឹក​ ថ្ងៃទី១៥ខែមេសា​ ឆ្នាំ២០១៨​ ជនរងគ្រោះបានមកលេងផ្ទះរបស់មិត្តភក្រ្ត័នៅចំណុចផ្ទះជួលក្រោយផ្សារជ័យជំនេះ​ ផ្លូវបេតុង​ ក្រុមទី១​ ភូមិពោងពាយ​ សង្កាត់ទួលសង្កែទី២​ ខណ្ឌឫស្សីកែវ​ដោយបានទុកម៉ូតូនិងចាក់សោនៅមុខបន្ទប់ជួលរួចក៏ដើរចូលបន្ទប់ជួលដេកលេង រួមជនរងគ្រោះ ជនសង្ស័យ និងឈ្មោះផា​(ត្រូវជាបងជីដូនមួយ របស់ជនរងគ្រោះ)​លុះវេលាម៉ោង៩ព្រឹកថ្ងៃដដែល​ខណ:ជនរងគ្រោះភ្ញាក់ពីដំណេក រត់ចេញមកក្រៅបន្ទប់ ទើបដឹងថាបាត់ម៉ូតូ​បាត់ទាំងជនសង្ស័យខាងលើ​តែម្តង។

ប្រភពដដែលបានបន្ថែមថា លុះនៅវេលាម៉ោង៧និង៣០នាទី​ យប់ថ្ងៃទី៥ខែឧសភាឆ្នាំ២០១៨​ ឈ្មោះ​ សោម ​សាវឿន​​អាយុ​៣៨ឆ្នាំ មុខរបរសន្តិសុខឯកជន (ត្រូវជាពូរបស់ជនរងគ្រោះ)​ និង​ ឈ្មោះ​សោម ​រតនា​(ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ)​បានឃើញជនសង្ស័យ ឈ្មោះភក្រ្គ័ សោភា កំពុងបណ្តើម៉ូតូមួយគ្រឿង ម៉ាកយ៉ាម៉ាហា អត់ស្លាកលេខ នៅចំណុចមុខក្លោងទ្វារវត្តញ្ញាណរង្សី ផ្លូវបេតុង​ ក៏បានឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២​ ដើម្បីសួរនាំ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖