ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿងយ៉ាងលឿនជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ វៀចអស់មួយកង់ បណ្តាលឲ្យរថយន្តបែកកង់ ផ្ទុះពោងការពារសុវត្ថិភាព និងដាច់កាឡែខាងមុខទៅលេងរួច សំណាងល្អអ្នកបើកបររងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២១៥ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរីហាយប្រ៊ីត ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2T-6951 ធ្វើដំណើរតាមផ្លូវលេខ២១៥ ក្នុងទិសដៅពីត្បូងទៅជើង បើកក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាង បានជ្រុលចង្កូចទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចមួយកង់ បណ្តាលឲ្យរថយន្តបែកកង់ ផ្ទុះពោងការពារសុវត្ថិភាព និងដាច់កាឡេខាងមុខទៅលេងរួច អ្នកបើកបររងរបួសស្រាល។
ក្រោយកើតហេតុអ្នកបើករថយន្តបានបើកទ្វាររថយន្តឡើង ទៅជិះរថយន្តមួយគ្រឿងទៀត គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ