ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង១៤ និង ៤៥នាទី ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលបានចុះបង្ក្រាបបទល្មើសល្បែងស៊ីសង( អាប៉ោង និងជល់មាន់) ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសលស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាផ្ទាល់ដល់លោកវរសេនីយ៍ឯក ទិត សំណាង ស្នងការរងផែនព្រហ្មទណ្ឌ បានដឹកនាំកងកម្លាំងជំនាញ ចុះកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសល្បែងស៊ីសង( អាប៉ោង និងជល់មាន់)មួយកន្លែង នៅចំណុចដីផ្ទះ ០១កន្លែង ស្ថិតក្នុងភូមិ ទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះ សមត្ថកិច្ចយើង ចាប់ឃាត់ខ្លួន ០៥នាក់ ស្រី ០១ នាក់ និងរឹបអូសវត្ថុតាង រួមមាន ម៉ូតូ ៥៥ គ្រឿង រថយន្ត ០៣ គ្រឿង មាន់ជល់ ១០ ក្បាល( ងាប់ ០៣ ក្បាល) អង្រុតដែក ១៥ ជញ្ជីងថ្លឹងមាន់ ០១. ចានជ័រទម្រអាប៉ោង ០១ និងការ៉ុងហាន់តោអាប៉ោង០១ ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីចាត់ការតាមច្បាប់ ៕ ប៊ុន រិទ្ធី