ខេត្ថបន្ទាយមានជ័យ៖ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៤ និង ០០នាទីទៀបភ្លឺ នៅចំណុចម្តុំមុខអាគារថ្ម ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួច និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ នៅវេលាម៉ោង ០៤ និង ០០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ បានទទួលពាក្យបណ្តឹងពីឈ្មោះ ផ្លឹង សុភាព ភេទ ប្រុស អាយុ ៤៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ/សង្កាត់កើតហេតុខាងលើ និងដោយអនុវត្តន៍តាមការណែនាំរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ដែលមានឈ្មោះ រឿន ថា ភេទ ប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យខាងលើបានសារភាពថា ៖ នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខ្លួនបានចូលទៅលេងល្បែងនៅកាស៊ីណូឡាក់គី ហើយចាញ់អស់លុយពីខ្លួន វេលាម៉ោងប្រមាណ ០៣ និង ០០នាទី ទៀបភ្លឺ ខ្លួនក៏បានចេញពីលេងល្បែងមកវិញ ហើយក៏បែកគំនិតលួច ។ ពេលនោះជនសង្ស័យ បានដើរចូលទៅក្នុងភូមិ រកមើលផ្ទះណាដែលមានការធ្វេសប្រហែស នឹងធ្វើសកម្មភាពចូលលួចតែម្តង ។ ពេលជនសង្ស័យដើរទៅដល់ផ្ទះរបស់ជនរងគ្រោះ ឃើញស្ថានភាពផ្ទះនោះអាចធ្វើសកម្មភាពលួចបាន ក៏ផ្លោះរបងចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ហើយបានធ្វើសកម្មភាពលួចយក កុំព្យូទ័រយួរដៃ ០១គ្រឿង និង ទូរស័ព្ទដៃ ០១គ្រឿង ពេលបំរុងគេចខ្លួនចេញពីផ្ទះរបស់ជនរងគ្រោះ ស្រាប់តែជនរងគ្រោះដែលជាម្ចាស់ផ្ទះភ្ញាក់ដឹងខ្លួនទាន់ ក៏បានស្រែកឆោរឡោ ឃើញស្ថានភាពបែបនេះ ជនសង្ស័យបានទម្លាក់ចោលរបស់ដែលលួច ហើយគេចខ្លួនតែម្តង លុះវេលាម៉ោងប្រមាណ ០៤ និង ០០នាទី ទៀបភ្លឺ ថ្ងៃ.ខែ.ឆ្នាំដដែល ក៏ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនតែម្តង ជនសង្ស័យបានបន្ថែមទៀតថា ខ្លួនបានប្រព្រឹត្តអំពើលួចជាច្រើនលើកមកហើយ ។ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃើញមានភាពស៊ីសង្វាក់គ្នា ដែលអាចកំណត់ពីពិរុទ្ធបានយ៉ាងជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ (លួច) កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ សំ វិច្ឆិកា