ខេត្តបាត់ដំបង ៖ សមត្ថកិច្ចមូលដ្ឋាន បានអះអាងថា បុរសសក់ល្បាយអាចម៌ខ្លាម្នាក់ដែលស្លាប់ ក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ក្នុងខណៈដែលនាំស្រីក្មេងមករួមមេត្រី កាលពីរសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
បុរសវ័យជាងពាក់កណ្តាលម្នាក់ ដែលគេអះអាងជាអាណិកជនមកពីអាមេរិចកាំង មកលេងបងប្អូននៅស្រុកខ្មែរ ហើយបានទាក់ទងនារីវ័យក្មេងសាច់សខ្ចីល្ហក់ យកមកដេកនៅបន្ទប់ជួលផ្ទះសំណាក់ ដើម្បី….ហើយក្រោយមកក៏បានប្រកាច់ធ្លាក់ពីលើគ្រែពូក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។ បុរសនោះទំនងជាស្លាប់ដោយសារ រួមភេទ រីឯការបាត់បង់ចិញ្ចៀន ខ្សែ.ក និងប្រាក់នោះ សមត្ថកិច្ចមិនទាន់ហ៊ានធ្វើការសន្និដ្ឋាននៅឡើយទេ ដោយរងចាំការបញ្ជាក់ពីសាច់ញាតិ និងផ្នែកជំនាញ ចុះមកពិនិត្យសិន ។
បើតាមមន្ត្រីនគរបាល នៃការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា គណៈកម្មការចម្រុះដែលមានលោកព្រះរាជអាជ្ញា គ្រូពេទ្យជំនាញ និងកម្លាំងកងរាជអាវុធហត្ថផងដែរបានចុះពិនិត្យរួមគ្នា លើខ្លួនប្រាណសព ហើយសន្និដ្ឋានថា ការស្លាប់របស់បុរសនោះគឺស្លាប់ដោយជំងឺខ្យល់គ មិនមានពាក់ព័ន្ធក្នុងអំពើឃាតកម្ម ឬក្នុងករណីអ្វីផ្សេងនោះទេ។
បើតាមសមត្ថកិច្ចបានប្រាប់ថា បុរសរងគ្រោះឈ្មោះក្រៀល សុវណ្ណា អាយុ៥៤ឆ្នាំ ជាអនិកជនខ្មែរអាមេរិច។ សមត្ថកិច្ចថា បើតាមការបញ្ជាក់ពីសាច់ញាតិរបស់សពបានប្រាប់ថា ជនរងគ្រោះនេះគឺជាអាណិកជនខ្មែរមកពីអាមេរិក និងមានភរិយានៅស្រុកខ្មែរឈ្មោះអៀង ផល្លា អាយុ៤៥ឆ្នាំ ។
ជនរងគ្រោះនេះ បានស្លាប់នៅក្នុងបន្ទប់លេខ៧ ក្នុងផ្ទះសំណាក់យីហោ «កូលាប» ដែលមានទីតាំងនៅក្នុងភូមិ សង្កាត់ខាងលើ ។ ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត រីឯសាកសពក្រោយពិនិត្យសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សំ វិច្ឆិកា