ព័ត៌មានទាន់ហេតុការណ៍៖

ផ្ញើកូននឹងឪពុកម្តាយជួយមើលរួចទៅធ្វើការនៅរោងចក្របាត់ ចេញមកវិញកូនស្រីលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល ៖ មានការភ្ញាក់ផ្អើលមួយបានកើតមានឡើងកាលពីវេលាម៉ោង១២ និង៥៥នាទីរសៀលថ្ងៃ អង្គារ ៩ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៨ ឧសភានេះ នៅចំណុចប្រឡាយទឹកខាងជើងផ្ទះប្រហែល៤០ម៉ែត្រ ក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល បន្ទាប់ពីមានកុមារីម្នាក់អាយុ១ឆ្នាំ ៦ខែ បានលង់ទឹកស្លាប់ ខណៈម្តាយបានផ្ញើនឹងជីដូនឲ្យជួយមើល ហើយទៅធ្វើការរោងចក្របាត់។

នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ ចន្ទ័ ថាស្រីរត្ន័ ភេទស្រី អាយុ១ឆ្នាំ៦ខែ រស់នៅក្នុងបន្ទុកឪពុកម្តាយ នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ស្ត្រីឈ្មោះ យឺន សុភាព អាយុ២៩ឆ្នាំត្រូវជាម្តាយកុមារីរងគ្រោះ មុខរបកម្មកររោងចក្រ រស់នៅកន្លែងកើតហេតុខាងលើ បានឲ្យសមត្ថកិច្ចដឹងថា មុនពេលកូនស្លាប់ គាត់បានទុកកូនឲ្យ ឪពុកម្តាយគាត់ ជួយមើលថែរដោយនាងបានទៅធ្វើការរោងចក្រ ដូចទម្លាប់រាល់ថ្ងៃ។ លុះពេលនាងត្រឡប់ចេញមកពីធ្វើការរោងចក្រវិញ ដល់ផ្ទះក៏បានសួរឪពុកម្តាយគាត់រកកូនស្រី ព្រោះពេលនេះមិនបានឃើញកូនរត់រកគាត់ដូចថ្ងៃធម្មតា ស្រាប់តែឪពុកម្តាយ គាត់បានឆ្លើយយ៉ាងខ្លីថាអត់ដឹងទេ។ ចម្លើយនេះ បានធ្វើឲ្យនាងជាម្តាយក្មេងស្រីរន្ធត់ចិត្តយ៉ាងខ្លាំងក៏បាននាំគ្នាដើររកមើលពេញភូមិតែ អត់បានឃើញកូនទេ។ដោយកើតការសង្ស័យគាត់ក៏ទៅរកមើលនៅប្រឡាយទឹកខាងជើងផ្ទះទើបប្រទះឃើញកូនស្រីលង់ទឹកស្លាប់បាត់ទៅហើយ។ ករណីនេះធ្វើឲ្យម្នាក់ៗសង្វេគចិត្តយ៉ាងខ្លាំងក៏ស្រង់សពមកដាក់លើគោក រួចរាយការណ៍ប្រាប់សម្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច័យហើយបានយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ


ចែករំលែក៖