ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសលោកស្នងការរងនគរបាលខេត្តព្រៃវែង រងបណ្តឹងចាប់រំលោភនិងបង្ខាំងនារីម្នាក់

ចែករំលែក៖

ខេត្តព្រៃវែង ៖ ប្រភពព័ត៌មានពីខេត្តព្រៃវែងបានទម្លាយឲ្យដឹងថា មន្ត្រីនគរបាលពាក់ស័ក្ដិ២ម្នាក់ ប្រចាំនៅប៉ុស្តិ៍រដ្ឋបាល ឃុំចាម ស្រុកកំពង់ត្របែក ដែលគេដឹងថាជាកូនប្រុសបង្កើតរបស់លោកស្នងការរងទី១ខេត្តព្រៃវែង ត្រូវរងការចោទប្រកាន់ពីនារីរងគ្រោះម្នាក់ថាបាន ចាប់រំលោភនិងបង្ខាំងនាងទុកសម្រាប់រំលោភសេពសន្ថវៈអស់រយៈពេលជាង៤ខែមកហើយ ។ មិនតែប៉ុណ្ណោះ បានរៀបគម្រោងលក់នាងឱ្យទៅឱ្យប្រុសផ្សេង និងគំរាមបាញ់សម្លាប់នាងទាំងពូជទៀតផង ទើបនាងទ្រាំមិនបានដាក់ពាក្យបណ្តឹងទៅលោកអធិការ នគរបាលស្រុកកំពង់ត្របែក ជួយដោះស្រាយតាមច្បាប់ ។

ប្រភពដដែលបានឲ្យដឹងទៀតថា បុរសដែលរងការចោទឈ្មោះ ឌឹម មករា ជាមន្ត្រីនគរបាល មានឋានន្តរស័ក្ដិជាអនុសេនីយ៍ទោ បម្រើការនៅប៉ុស្ត៍រដ្ឋបាលឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងត្រូវជាកូនប្រុសបង្កើតរបស់លោកឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុម ស្នងការរងខេត្តព្រៃវែង ។ ចំណែកឯនារីរងគ្រោះមានអាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

បុរសដែលរងការប្តឹងចោទប្រកាន់ពីនារីអាយុ១៦ឆ្នាំខាងលើ បានប្រាប់ ថា រូបគាត់ពិតជាមានទំនាក់ទំនងស្នេហានិងធ្លាប់រួមភេទជាមួយនារីរងគ្រោះ ប្រាកដមែន ប៉ុន្តែរូបគាត់មិនបានចាប់រំលោភនាងដូចការចោទប្រកាន់នោះទេ គឺពួកគាត់ស្រលាញ់ព្រមព្រៀងគ្នាទាំងសងខាង តាំងពី អំឡុងដើមឆ្នាំ2018 មកម្ល៉េះ ។

ពាក់ព័ន្ធករណីនេះ លោកឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការខេត្តព្រៃវែងបានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ឧសភាឆ្នាំ២០១៨ ថា កាលពីព្រឹកថ្ងៃ៩ ឧសភា ឆ្នាំ២០១៨ ភាគីខាងនារីដែលអះអាងថា ត្រូវគេចាប់រំលោភនោះ បានទៅដាក់ពាក្យប្តឹងនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកហើយ។ បច្ចុប្បន្ននេះ មន្ត្រីជំនាញរបស់លោកកំពុងហៅភាគីទាំង២ មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកដើម្បីដោះស្រាយតាមនិតិវិធី ៕ ប្រាថ្នា


ចែករំលែក៖