ភ្នំពេញៈ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីរថយន្ដមួយគ្រឿងបើកបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្នបានប៉ះជាមួយនឹងម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា ។
ហេតុការណ៍នេះបានកើតឡើងកាលពីជាង១១យប់ ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយមហាវិថីព្រះនរោត្ដម កែងផ្លូវលេខ១៨៤ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្ដម៉ាកTOYOTA FORTUNER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2I-7311 បើកបរដោយបុរសម្នាក់និងរួមដំណើរជាមួយនារីម្នាក់។ ចំណែកខាងម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1CT-5495 ជិះម្នាក់ឯង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្ដមក្នុងទិសដៅពីត្បូងទៅជើងពេលមកដល់ចំណុចកើតហេតុស្រាប់តែរថយន្ដបើកបរក្នុងទិសដៅបញ្ច្រាសគ្នាហើយបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្នបានប៉ះជាមួយម៉ូតូចំពីមុខពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់។
បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូ និងរថយន្ដត្រូវបានសមត្ថកិច្ចជំនាញចរាចរវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាជាក្រោយតាមនីតិវិធី ៕ ជ្រោយពេជ្រ