ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ខ្ពស់រាបហ្គោឡែនរងការវាយប្រហារដោយមីស៊ីលពីស៊ីរី

ចែករំលែក៖

ទីតាំងយោធា១០កន្លែងរបស់អុីស្រាអែលស្ថិតនៅតំបន់ខ្ពង់រាប ហ្គោឡែន រងការវាយប្រហារដោយកាំជ្រួចមីស៊ីលដល់ទៅ២០លើក ពីប្រទេសស៊ីរី។ អ្នកដែលបាញ់មីស៊ីលចូលទឹកដីអុីស្រាអែល ត្រូវបានចោទប្រកាន់ថា ជាអុីរ៉ង់។ ជាមួយគ្នានោះអុីរ៉ង់ ក៏បានវាយបកវិញភ្លាមៗ ដោយមីស៊ីលទៅលើទីតាំងនៅក្នុងប្រទេសស៊ីរីដែរ។

ការវាយប្រហារនេះ បានកើតឡើងនៅយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។ តាមបណ្តាញទូរទស្សន៍ Al Mayadeen របស់លីបង់ បានផ្សាយថា គោលដៅវាយប្រហារដោយមីស៊ីលនោះ គឺទីតាំងត្រួតពិនិត្យ ទីតាំងចារកិច្ច អាកាសយានដ្ឋាន និងទីតាំងយោធា។

សារព័ត៌មាន Haaretz របស់អុីស្រាអែលបានផ្សាយថា អុីស្រាអែលបានចោទប្រកាន់ទៅលើកម្លាំងទាហានអុីរ៉ងជាអ្នកវាយប្រហារ មីស៊ីលទាំងនោះ។ ការវាយប្រហារខាងលើ មិនបណ្តាលឲ្យមានអ្នកស្លាប់ឬរបួសនោះឡើយ។ ប៉ុន្មានថ្ងៃកន្លងមកអុីស្រាអែលបានប្រកាសអាសន្ននៅក្នុងតំបន់នោះ ថាអាចនឹងរងការវាយប្រហារពីប្រទេសអុីរ៉ង់។

ឆ្លើយតបនឹងការវាយប្រហារខាងលើអុីស្រាអែលបានដាក់ពង្រាយរថក្រោះ យន្តហោះចម្បាំង និងបាញ់មីស៊ីលទៅលើទីតាំងយោធា ស្ថិតនៅខេត្ត Al Quneitra ភាគខាងត្បូងស៊ីរី។ បណ្តាញព័ត៌មានជាតិស៊ីរី SANA បានផ្សាយថា កម្លាំងទាហានស៊ីរីក៏បានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស ដើម្បីវាយស្ទាក់មីស៊ីលរបស់អុីស្រាអែលផងដែរ។

ក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថា អុីស្រាអែលបានបើកការវាយប្រហារជាទ្រង់ទ្រាយធំទៅលើគោលដៅជាច្រើនរបស់អុីរ៉ង់នៅក្នុងទឹកដីស៊ីរី។ កន្លងមក អុីស្រាអែលធ្លាប់បានគំរាមអុីរ៉ង់ថា នឹងទទួលរងនូវលទ្ធផលអាក្រក់ដោយការវាយប្រហារ។

អុីស្រាអែលតែងតែចោទប្រកាន់អុីរ៉ង់ថា បានពង្រីកសកម្មភាពនៅក្នុងប្រទេសស៊ីរី ដោយមានគោលដៅឡោមព័ទ្ធប្រទេសអុីស្រាអែល។ រយៈពេលកន្លងមក ទីតាំងរបស់អុីរ៉ង់នៅក្នុងប្រទេសស៊ីរីតែងតែរងការវាយប្រហារដោយមីស៊ីលពីអុីស្រាអែល៕ ម៉ែវ សាធី


ចែករំលែក៖