ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតនៅម៉ាឡេស៊ីបេក្ខភាពវ័យ៩២ឆ្នាំទទួលបានជ័យជំនះ

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មាហាម៉េត អាយុ៩២ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រី ដែលមានវ័យចំណាសបំផុតលើពិភពលោក ក្រោយពេលទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោត នាពេលកន្លងមក។

ជាមួយនឹងជ័យជំនះជាប្រវត្តិសាស្ត្រ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី៩ ខែឧសភា នៅម៉ាឡេស៊ី លោក មហាធា មាហាម៉េត ក្លាយជានាយករដ្ឋមន្ត្រីចាស់បំផុត។ ប៉ុន្តែ ដូចអ្វីដែលបានព្រមព្រៀង លោកនឹងកាន់តំណែងតែ២ឆ្នាំប៉ុណ្ណោះ រួចប្រគល់ទៅឲ្យអនុប្រធានវិញ ដោយសារតែលោកមានវ័យចំណាស់ជ្រេជ្រុលទៅហើយ។

ជាមួយនឹងជ័យជំនះរបស់លោក មហាធា មាហាម៉េត និងសម្ពន្ធមិត្តបក្សប្រឆាំង Pakatan Harapan បានបញ្ចប់ការកាន់អំណាច៦ទសវត្សរបស់សម្ពន្ធមិត្តជាតិ Barisan Nasional។ តាមលទ្ធផលរាប់សន្លឹកឆ្នោតសម្ពន្ធមិត្តបក្សប្រឆាំង Pakatan Harapan របស់លោក មហាធា មាហាម៉េត ទទួលបានរហូតដល់ ១២១អាសនៈ ក្នុងចំណោម២២២អាសនៈនៅក្នុងសភា គឺលើសពីចំនួនសម្រាប់បង្កើតរដ្ឋាភិបាលតែ១១២ប៉ុណ្ណោះ។ ចំណែកសម្ពន្ធមិត្តកាន់អំណាចរបស់នាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ទទួលបានតែ៧៩ អាសនៈតែប៉ុណ្ណោះ។

លោក មហាធា មាហាម៉េត ជាមេដឹកនាំម៉ាឡេស៊ី ក្នុងរយៈពេល២២ឆ្នាំ និងធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីយូរបំផុតនៅម៉ាឡេស៊ី។ ការវិលត្រឡប់ចូលប្រឡូកនៅក្នុងឆាកនយោបាយរបស់អ្នកនយោបាយជើងចាស់ វ័យ៩២ឆ្នាំរូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីពលរដ្ឋក្នុងពេលដែលពលរដ្ឋធុនទ្រាន់នឹងការដឹកនាំរបស់លោក ណាជីប ដែលមានរឿងអាស្រូវជាច្រើនគឺអំពើពុករលួយ។

លោក មាហាម៉េត បានបញ្ជាក់ផងដែរថា លោកនឹងធ្វើឲ្យបានច្បាស់នៅរាល់ការចោទប្រកាន់ថា រដ្ឋាភិបាលកន្លងមក បានធ្វើឲ្យខាតបង់រាប់ពាន់លានដុល្លារ នៅក្នុងមូលនិធិជាតិ ដែលលោក ណាជីព បង្កើតឡើង។ ប៉ុន្តែលោកបញ្ជាក់ថា រដ្ឋាភិបាលជាប់ឆ្នោតថ្មី នឹងមិនស្វែងរកការសងសឹកនោះឡើយ។ ដោយគ្រាន់តែដំណើរការឡើងវិញនូវច្បាប់ទម្លាប់មួយចំនួន។ លោកក៏មានបំណងស្បថចូលកាន់តំណែង នៅថ្ងៃទី១០ ខែឧសភា ខាងមុខនេះដែរ៕ ម៉ែវ សាធី


ចែករំលែក៖