ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូប្រដេញគ្នាជ្រុលបុករថយន្តឆ្លងផ្លូវរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន៣នាក់ជិះម៉ូតូឌុបគ្នាប្រដេញជាមួយម៉ូតូ២គ្រឿងទៀត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចស្តុបក្រហមមិនបន្ថយល្បឿន ក៏ជ្រុលបុករថយន្តដែលឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ ស្រាលតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត ឈានចូល ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹកកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AJ 4009 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចស្តុបដោយសារអតិភាពភ្លើងខៀវទើបបត់ឆ្វេងបំណងទៅផ្លូវលេខ៣៦០ ស្រាប់តែមានម៉ូតូ៣គ្រឿងធ្វើដំណើរពីទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងល្បឿនលឿនប្រដេញគ្នាដោយម៉ូតូ២គ្រឿងគេចផុងហើយម៉ូតូខាងក្រោយគេម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Cc9020 ជិះគ្នាបីនាក់ ក៏ជ្រុលបុកពីចំហៀងរថយន្តពេញទំហឹងបណ្តាលឲ្យ អ្នកបើកបរបោលក្បាល និងកញ្ចក់រថយន្តរងរបួសធ្ងន់ ចំណែកអ្នកខាងក្រោយពីរនាក់ទៀតរបួសស្រាល ដោយឡែកម៉ូតូ និងរថយន្តរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖