ព័ត៌មានទាន់ហេតុការណ៍៖

ចិននឹងចិនកាប់គ្នារត់គេចខ្លួនបាត់បន្សល់ទុកជនរងគ្រោះម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ក្រុងព្រះសីហនុ ៖មានអំពើហិង្សាមួយកើតឡើងដោយជនជាតិចិននិងចិនដូចគ្នា បណ្តាលឲ្យ ម្នាក់រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចទៅដល់ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ឯជនដៃដល់ គេចខ្លួនបាត់ ។

អំពើហិង្សានេះកើតឡើងកាលពីម៉ោង៧យប់ថ្ងៃ ព្រហស្បតិ៍ ១១ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៨នៅហាងមួយកន្លែងនៅជិតស្តុប៣៣៣ក្រុង-ខេត្តព្រះសីហនុ ។

ជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា ជាបុរស អាយុជាង ៣០ឆ្នាំ មុខរបរ ចុងភៅនៅហាងខាងលើ ។ រីឯជនដៃដល់ ជាបុរស មានវ័យប្រហាក់ប្រហែលគ្នា និងមាន មុខរបរចុងភៅដូចគ្នានៅហាងខាងលើដែរ ។ គេមិនដឹងថាអ្នកទាំងពីរឈ្លោះគ្នាដោយសារ អ្វី ស្រាប់នៅសុខៗ ជនដៃដល់ស្ទុះទៅយកកាំបិតប៉័ងតោកាប់ជនរងគ្រោះចំកណ្តាលខ្នងលេចដល់ឆ្អឹង រួចបោះកាំបិតចោលគេចខ្លួនបាត់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទៅដល់ រឹបអូសបានកាំបិតប៉័ងតោមួយដើម ដែលជន សង្ស័យប្រើប្រាស់កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ហើយជនរងគ្រោះត្រូវបានសមត្ថកិច្ចជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ឯ ជនសង្សយ័បានរត់គេចខ្លួន ដែលមកដល់ពេលនេះសមត្ថកិច្ចកំពុងស្វែងរក ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕ សហការី


ចែករំលែក៖