ភ្នំពេញ ៖ បុរសម្នាក់បានយកខ្សែភ្លើងឆក់ខ្លួនឯងស្លាប់ភ្លាមៗដូចបំណង បន្ទាប់ពីភ្លើងប្រច័ណ្ឌឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅទៅលើប្រពន្ធរបស់ខ្លួន បន្ទាប់ពីបង្កហិង្សាវាយប្រពន្ធរហូតរងរបួសធ្ងន់សន្លប់លែងដឹងខ្លួន ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលលេខ៥ ជាន់ទី១ ផ្លូវបេតុង ក្រុម០២ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ។
សពជនរងគ្រោះ ឈ្មោះ សូ ខ្លឹម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាជាងសំណង់ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិ អង្គាដី ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ រីឯស្រ្ដីជាប្រពន្ធរបស់ជនរងគ្រោះឈ្មោះ អោក សាបាន អាយុ៣៤ឆ្នាំ ជាជនជាតិខ្មែរ មុខរបរជាអ្នករត់តុនៅហាងបឹងសុបិន្ត ស្នាក់នៅផ្ទះជួល ជាមួយនឹងប្ដី នៅកន្លែងកើតហេតុខាងលើ។
ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុកាលពីល្ងាចថ្ងៃទី១០ ឧសភា ឆ្នាំ២០១៨ ដោយសារតែបុរសខាងលើប្រច័ណ្ឌខ្លាំងពេក នារីរងគ្រោះបានទៅធ្វើការរត់តុមួយថ្ងៃទៀតហើយសុំថៅកែបើកលុយ និងឈប់ធ្វើការហើយ ប៉ុន្តែនារីរងគ្រោះមិនបានត្រឡប់មកផ្ទះវិញទេដោយបានដាច់យប់មួយយប់ ព្រឹកថ្ងៃកើតហេតុទើបមកដល់បន្ទប់ជួលវិញ ។
ប្រភពបន្តថា ពេលនោះបុរសជាប្តីបានទិញបាយឱ្យប្រពន្ធហូបធម្មតាដោយមិនបញ្ចេញអាការៈខឹងឡើយ ហើយដេកលើពួកនិយាយគ្នាធម្មតា ដោយបុរសនោះនិយាយថា ខ្លួនមិនចង់រស់ទេ ស្រាប់ប្រពន្ធនិយាយតបវិញថា បើមិនចង់រស់សម្លាប់ខ្លួនទាំង២នាក់ឱ្យស្លាប់ចោលកូនទៅ ពេលនោះបុរសជាប្តីបានយកញញួរវាយសំពងក្បាលប្រពន្ធ៥ទៅ៦ញញួរ និងយកអង្រែបុកគ្រឿងវាយយកៗលើដងខ្លួនប្រពន្ធ ។
បន្ទាប់ពីប្រពន្ធរើរួចក៏ស្រវ៉ារត់ចុះមកដីឱ្យគេជួយ ពេលមកដល់ដីក៏សន្លប់បាត់ស្មារតីតែម្តង។
ភ្លាមៗនោះអ្នកជិតខាងបានរត់ឡើងលើរកមើលបុរសជាប្តី ប៉ុន្តែបន្ទប់ត្រូវជាប់សោរ ក៏នាំគ្នាធាក់ទម្លាយទ្វាររកមើលមិនឃើញ ទៅមើលក្នុងបន្ទប់ទឹកស្រាប់តែឃើញជនរងគ្រោះយកព្រីភ្លើងអោបជាប់នឹងទ្រូងឆក់ខ្លួនឯងស្លាប់បាត់ទៅហើយ ។
បន្ទាប់ពីមានហេតុការណ៍កើតឡើង អ្នកភូមិដឹកនារីរងគ្រោះទៅមន្ទីរពេទ្យហើយរាយការណ៍ប្រាប់សមត្ថកិច្ចមកពិនិត្យ ។ ក្រោយពីសមត្ថកិច្ចពិនិត្យរួចក៏ប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រព្រពៃណីនៅឯស្រុកកំណើត ៕ អរុណរះ