ក្រុមហ៊ុនអាកាសចរណ៍ Air France បានខាតបង់ប្រាក់ប្រមាណជាង ៤០០ លានអឺរ៉ូ ជិត៥០០លានដុល្លារអាមេរិក គឺច្រើនជាងអ្វីដែលក្រុមហ៊ុនបានប៉ានស្មានថាមានចំនួន ៣០០លានអឺរ៉ូ ដោសារតែការ ធ្វើកូដកម្ម របស់បុគ្គលិក។
ភាគហ៊ុនរបស់ក្រុមហ៊ុននេះក៏បានធ្លាក់ចុះយ៉ាងទាប ចំណែកប្រធាន CEO លោក Jean Marc Janaillac បានប្រកាសថា នឹងលាលែងចេញពីតំណែង ក្នុងពេល ដែលបុគ្គលិកកាន់តែធ្វើបាតុកម្មខ្លាំងឡើង ពាក់ព័ន្ធនឹងប្រាក់ចំណូល ក៏ដូចជាការមិនលូកដៃរបស់រដ្ឋាភិបាលបារាំង បើទោះបី រដ្ឋាភិបាលមានភាគហ៊ុននៅក្នុងក្រុមហ៊ុននេះដល់ទៅ១៤,៣ភាគរយក៏ដោយ។ គិតចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ តម្លៃ ភាគហ៊ុនរបស់ក្រុមហ៊ុន Air France KLM បានធ្លាក់ចុះរហូតដល់ទៅ៥០ភាគរយ។
បុគ្គលិក ក្រុមហ៊ុនអាកាសចរណ៍បារាំងធ្វើកូដកម្មដើម្បីប្រឆាំងនឹងនយោបាយ ប្រាក់ខែ ។ កន្លងមក ក្រុមហ៊ុន អ៊ែរហ្វ្រង់ បានប្រកាសដំឡើងប្រាក់ខែ ២ភាគរយ នៅក្នុងឆ្នាំ២០១៨ និង កើនឡើងបន្ថែម ៥ភាគរយនៅ៣ឆ្នាំខាងមុខជាបន្តទៀត។ ប៉ុន្តែបុគ្គលិកក្រុមហ៊ុនបានស្នើឲ្យដំឡើងប្រាក់ខែ ៥,១ភាគរយនៅក្នុងឆ្នាំនេះតែម្តង ។
ក្រោយពេលកិច្ចពិភាក្សាជាប់គាំង រវាងក្រុមហ៊ុននឹងតំណាងបុគ្គលិក ប្រធាន CEO លោក Jean Marc Janaillac បាន ប្រកាសថានឹងលាលែងពីតំណែងនៅពាក់កណ្តាលខែឧសភានេះ។ លោក Bruno Le Mainre រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង បាននិយាយទៅកាន់សារព័ត៌មាន CNN ថា« វិវាទរវាងបុគ្គលិកនឹងក្រុមហ៊ុន បានគំរាមកំហែងដល់ ភាពស្ថិតស្ថេររបស់ក្រុម ហ៊ុន »។ រដ្ឋាភិបាលបារាំង នឹងមិនចូលរួម ឬចេញនូវកញ្ចប់ថវិកាជួយដល់ក្រុមហ៊ុនឡើយ ៕ ម៉ែវ សាធី