ខេត្តពោធិ៍សាត់៖ កុមារីអាយុ ១៥ខែម្នាក់ត្រូវបានឆ្លងចរន្តអគ្គីសនីឆក់ស្លាប់យ៉ាងអាណោចអាធម្ម ដែលហេតុការណ៍នេះគេនិយាយតៗគ្នាបណ្ដាលមកពីឪពុកម្ដាយធ្វេសប្រហែសពេក ទើបក្មេងរងគ្រោះកាន់ប៉ះចំតំណខ្សែភ្លើងដែលតដាក់កង្ហាលនៅក្រោមផ្ទះ ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣៥នាទី ល្ងាចថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោមផ្ទះឪពុកម្ដាយកុមារីរងគ្រោះ ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
នគរបាលស្រុកក្រគរបានឲ្យដឹងថា កុមារីរងគ្រោះ(ស្លាប់)ដោយឆ្លងចរន្តអគ្គីសនីឆក់ឈ្មោះ នី អាមួយគា អាយុ ១៥ខែ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ វន សុីណាត អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ និងម្ដាយឈ្មោះ ឡេង គឹមដា អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានកូនស្រីចំនួន ២នាក់រួមទាំងកុមារីរងគ្រោះ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីនគរបាលដដែលខាងលើបន្តទៀតថា ការដែលបណ្ដាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់កុមារីនៅនឹងកន្លែងនេះ អាចនិយាយបានថា ដោយសារការធ្វេសប្រហែសរបស់ឪពុកម្ដាយ ទើបបណ្ដាលឲ្យក្មេងកាន់ខ្សែភ្លើងលេងប៉ះចំតំណដែលតដាក់កង្ហាលនៅក្រោមផ្ទះ មន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធបានចុះស្រាវជ្រាវ និងធ្វើកាត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ទើបកំណត់ហេតុប្រគល់សាកសពជូនឪពុកម្ដាយ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន